ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចូលប្លន់ហាងមាស យកបានខ្សែកមាសជាង២តម្លឹង លុះតម្រួតថៃចាប់បាន សារភាពថា ខ្លួនប្លន់បែបនេះ ដោយសារត្រូវការលុយសងបំណុលគេ

    BY Khmernote Media October 11, 2022
    ចូលប្លន់ហាងមាស យកបានខ្សែកមាសជាង២តម្លឹង លុះតម្រួតថៃចាប់បាន សារភាពថា ខ្លួនប្លន់បែបនេះ ដោយសារត្រូវការលុយសងបំណុលគេ

    ថៃ៖ យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែតុលា បានអោយដឹងថា ជនសង្ស័យវ័យក្មេងបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូល​ទៅប្លន់ហាមាស យកបានមាស​ជាង២តម្លឹង នៅហាង​មាស​យ៉ា​វ៉ា​រ៉ាត់ ដោយ​បានលើកហេតុផលឡើង​ថា​ ត្រូវការរក​លុយ​ដោះបំណុល ។

    ជុំវិញករណី​នេះ ជន​សង្ស័យ​ម្នាក់​បានប្រើ​កាំភ្លើង​ភ្ជង់​ប្លន់យកមាស​ក្នុង​ហាង​មាស​មួយ​កន្លែង​នៅហាងមាស​យ៉ា​វ៉ា​រ៉ាត់​ ស្ថិតក្នុងទីក្រុងបាងកក ផ្លូវ Nak Niwat , Soi​ 17 សង្កាត់ Khwaeng ខណ្ឌ Lat Phrao ទីក្រុង​បាងកក យក​បាន​ខ្សែក​មាស​ទម្ងន់ ២ជី ចំនួន ១២​ខ្សែ ដែលគិតជាតម្លៃ​សរុប​ជាង ២តម្លឹង រួច​រត់​គេច​ខ្លួនបាត់។ លុះក្រោយមកកម្លាំង​នគរបាល​ប៉ុស្តិ៍​ Chokchai បានធ្វើការឃាត់ខ្លួន​ជនសង្ស័យបាន​ម្នាក់ ព្រមជាមួយនឹងម៉ូតូម៉ាកហុងដាវ៉េវ I ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយដំបូងជនសង្ស័យបានធ្វើការបដិសេធថា មិនបានពាក់ព័ន្ធទៅនឹងហេតុការណ៍ខាងលើនេះទេ។

    ក្រោយមក នៅប៉ុស្តិ៍នគរបាល Chokchai កាលពីនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យរូបនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ Kittipong Songsri បានសារភាពថា ខ្លួនជាអ្នកធ្វើសកម្មភាពប្លន់ពិតប្រាកដ ហើយថែមទាំងបានប្រាប់ពីមូលហេតុនៃការប្លន់ថា ដោយសារខ្លួនត្រូវការលុយយកទៅដោះបំណុល លើសពីនេះទៅទៀតក៏បានសារភាពថា ក្រោយ​ពេល​កើតហេតុ ខ្លួនបានយកខ្សែកមាស​ ចំនួន ៣​ខ្សែ​ទៅបញ្ចាំក្នុងតម្លៃ​៤​ម៉ឺន​បាត ឬជាង ១ពាន់ដុល្លារ ដើម្បីយកទៅ​ដោះ​បំណុល ចំណែក​ខ្សែកមាសដែលនៅ​សល់​ត្រូវ​សមត្ថកិច្ច​ដកហូតបានត្រឡប់មកវិញនៅឯគេហដ្ឋានជនសង្ស័យ៕

    អត្ថបទ៖ Bee
    ប្រភព៖ Thairath

    Share This Post: