នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យមានការរឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង និងគ្រឿងញៀន ក្រោយមានករណីនៅមជ្ឈមណ្ឌលថែទាំកុមារកាលពីពេលថ្មីៗនេះ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទកន្លងទៅ បានបញ្ជាឱ្យភ្នាក់ងាររបស់គាត់អនុវត្តច្បាប់រឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីមានការសម្លាប់រង្គាលដោយអតីតប៉ូលីសនៅមជ្ឈមណ្ឌលថែទាំកុមារកាលពីពេលថ្មីៗនេះ។ រំលឹកដែរថា មនុស្សសរុបចំនួន ៣៦ នាក់ ក្នុងនោះមានកុមារ ២៤ នាក់ ត្រូវបានសម្លាប់ដោយកាំបិត និងកាំភ្លើងកាលពីសប្តាហ៍មុន ដោយអតីតប៉ូលីសម្នាក់ ដែលក្រោយមកបានសម្លាប់ខ្លួននៅក្នុងទីក្រុង Uthai Sawan ចម្ងាយ ៥០០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបាងកក។ វាគឺជាចំនួនអ្នកស្លាប់ជាកុមារដ៏អាក្រក់បំផុតមួយ នៅក្នុងការសម្លាប់រង្គាលដោយស្នាដៃឃាតករតែម្នាក់ក្នុងប្រវត្តិសាស្ត្រថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ប្រាយុទ្ធ បានណែនាំអាជ្ញាធរឱ្យស្រាវជ្រាវ និងធ្វើតេស្តយ៉ាងសកម្មចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងចំណោមមន្ត្រី និងសហគមន៍ និងបង្កើនការព្យាបាលអ្នកញៀន។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យមន្ត្រីអត្រានុកូលដ្ឋានរដ្ឋាភិបាល ដកហូតអាជ្ញាប័ណ្ណកាំភ្លើងរបស់ម្ចាស់ដែលបានចុះបញ្ជី ដែលមានអាកប្បកិរិយា «គំរាមកំហែងសង្គម» និង «បង្កើតភាពចលាចល ឬបង្កឱ្យមានភាពចលាចល» រួមជាមួយការបង្ក្រាបការលក់កាំភ្លើងខុសច្បាប់ ការរត់ពន្ធអាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់។
អាជ្ញាធរថៃក៏គ្រោងនឹងប្រមូលកាំភ្លើងពីមន្ត្រី និងប៉ូលិសដែលបានប្រើអាវុធខុស ឬមានអាកប្បកិរិយាគឃ្លើនក្នុងកាតព្វកិច្ចរបស់ពួកគេ។ លោកឧត្តមសេនីយ៍ Damrongsak Kittprapas អគ្គស្នងការនគរបាលជាតិ បានប្រាប់អ្នកយកព័ត៌មានថា ការត្រួតពិនិត្យសុខភាពផ្លូវចិត្តជាទៀងទាត់ ក៏នឹងត្រូវបានទាមទារផងដែរសម្រាប់អ្នកដាក់ពាក្យសុំអាជ្ញាប័ណ្ណ និងអ្នកកាន់កាំភ្លើង។ អ្នកកាន់កាំភ្លើងមានកម្រិតខ្ពស់នៅប្រទេសថៃ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍ ហើយអាវុធខុសច្បាប់ដែលនាំមកពីប្រទេស ដែលហែកហួរដោយជម្លោះគឺជារឿងធម្មតា៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN