អាជ្ញាធរឥណ្ឌាសម្រេចបញ្ឈប់ការផលិតទឹកស៊ីរ៉ូក្អករបស់រោងចក្រផលិតឱសថដ៏ធំមួយ ដែលជាប់ពាក់ព័ន្ធនឹងករណីបាត់បង់ជីវិតរបស់កុមារចំនួន ៦៦នាក់
- BY
- Pheakdey
- October 12, 2022
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចបញ្ឈប់ការផលិតទឹកស៊ីរ៉ូក្អកនៅក្នុងរោងចក្រផលិតឱសថដ៏ធំមួយ ក្រោយទឹកស៊ីរ៉ូក្អកផលិតដោយរោងចក្រនោះមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់កុមារជាច្រើននាក់កាលពីសប្តាហ៍កន្លងទៅ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១២ ខែតុលានេះបានបញ្ជាក់ថា រោងចក្រផលិតឱសថមួយនោះមានឈ្មោះថា Maiden Pharmaceuticals ជារោងចក្រផលិតពហុឱសថ មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា ខណៈផលិតផលឱសថចេញពីរោងចក្រមួយនេះត្រូវបានគេចែកចាយទៅកាន់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។

គួររម្លឹកជូនថា កាលពីសប្តាហ៍មុនមានករណីអកុសលមួយបានកើតឡើងគឺមានកុមារចំនួន ៦៦នាក់នៅក្នុងប្រទេសហ្គាំប៊ីបានស្លាប់បាត់បង់ជីវិត ក្រោយពួកគេបានផឹកទឹកស៊ីរ៉ូក្អកនិងផ្អាសសាយចំនួន ៤ប្រភេទផ្សេងគ្នាដែលផលិតដោយរោងចក្រ Maiden Pharmaceuticals រួច។ ផលិតផលទឹកស៊ីរ៉ូដែលមានបញ្ហាទាំង ៤នោះមានដូចជា ទឹកស៊ីរ៉ូម៉ាក Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និងទឹកស៊ីរ៉ូម៉ាក Magrip N Cold Syrup ជាដើម។ រហូតមកទល់នឹងពេលនេះក្រុមអ្នកជំនាញកំពុងសិក្សាចំពោះករណីអសកម្មខាងលើនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទប់ស្កាត់កុំឲ្យវាកើតមានជាថ្មីម្តងទៀតនៅពេលខាងមុខ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






