អន្តរជាតិ

ពលរដ្ឋប៉ាគីស្ថាន ១៨នាក់ដែលខំរត់គេចពីទឹកជំនន់ បែរជាមកត្រូវអស់ជីវិតដោយសារភ្លើងឆេះរថយន្តក្នុងពេលធ្វើដំណើរ

BY
Pheakdey
October 14, 2022

ប៉ាគីស្ថាន៖ ពលរដ្ឋប៉ាគីស្ថានចំនួន ១៨នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះរថយន្តក្រុងដ៏កម្រមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ។ បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានជនរងគ្រោះចំនួន ១២នាក់ជាកូនក្មេង ខណៈមូលហេតុដែលបង្កឲ្យមានភ្លើងឆេះគឺដោយសារតែបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីនរបស់រថយន្ត។

ប្រភពខាងលើបានបន្តថា រឿងមួយដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺជនរងគ្រោះដែលបានស្លាប់ទាំងអស់នោះសុទ្ធតែជាជនរងគ្រោះពីគ្រោះទឹកជំនន់ ដែលត្រូវធ្វើដំណើរត្រលប់ពីជំរុំជនភៀសខ្លួនទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ តែជាអកុសលធ្វើដំណើរមិនទាន់ដល់ផ្ទះផងក៏ត្រូវភ្លើងឆេះស្លាប់ក្នុងរថយន្តតែម្តង។ គួរបញ្ជាក់ជូន ថ្មីៗនេះប៉ាគីស្ថានជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ ដែលបានសម្លាប់មនុស្សជាង ១,៧០០នាក់​ បង្ខំឲ្យពលរដ្ឋ ៨លាននាក់ត្រូវធ្វើការជម្លៀសខ្លួន បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជាង ៣៣លាននាក់ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចអស់ប្រមាណជា ២៨ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: