PR

ធនាគារ ហ្វីលីព ប្រគល់រថយន្ត Lexus LX570 ដល់អតិថិជននៅខេត្តស្ទឹងត្រែង

BY
Khmernote Media
October 16, 2022

ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២៖ ធនាគារ ហ្វីលីព បានធ្វើការដឹកជញ្ជូនរថយន្ត Lexus LX570 ស៊េរីឆ្នាំ 2021 ដែលជារង្វាន់ធំពីកម្មវិធី ”សន្សំនិងឈ្នះ” ជូនដល់អតិថិជន និងរៀបចំកម្មវិធីអបអរសាទរនៅទីរួមខេត្តស្ទឹងត្រែង។ បន្ទាប់ពីបានស្វែងរកឃើញម្ចាស់រង្វាន់ធំ រថយន្ត Lexus LX570 Kuro Black Edition ស៊េរីឆ្នាំ 2021 នៅកម្មវិធីចាប់ឆ្នោតផ្សងសំណាងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ធនាគារ ហ្វីលីព បានរៀបចំដឹកជញ្ជូនរថយន្តទំនើបនេះ ក៏ដូចរៀបចំកម្មវិធីអបអរសាទរនៅទីតាំងផ្ទាល់របស់អតិថិជន ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង។

កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ខេត្តស្ទឹងត្រែង លោកសាយ កុសល អភិបាលក្រុង ស្ទឹងត្រែង លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព លោក ឡឹក ធី ប្រធានធនាគារជាតិ សាខាខេត្តស្ទឹងត្រែង និងលោក សួង ហ៊ី អភិបាលស្រុក សៀមបូក។

ចូលរួមនៅក្នុងកម្មវិធីប្រគល់រង្វាន់នេះ លោក ចាន់ ម៉ាច បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងបន្តទៀតដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មដែលល្អឥតខ្ចោះ ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនផ្សេងទៀតដល់អតិថិជន។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានមកប្រគល់រង្វាន់រថយន្ត Lexus LX570 នេះ ជូនដល់ដៃអតិថិជនដោយផ្ទាល់ ក្នុងទឹកដីទីរួមខេត្តស្ទឹងត្រែង។ ធនាគារ ហ្វីលីព នឹងសន្យាបន្តអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរទាំងសេវាកម្ម និងគុណភាព ក៏ដូចជាបន្តបង្កើតនូវការផ្តល់ជូន ឬ ប្រូម៉ូសិនពិសេសៗជាច្រើនទៀតជូនអតិថិជនទាំងអស់ ដែលតែងតែជឿទុកចិត្ត និងគាំទ្រសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពស្មោះត្រង់របស់អតិថិជន និងការជឿជាក់មកលើធនាគារ ហ្វីលីព រហូតមក។»

លោក សរ សុខស្រូយ រស់នៅស្រុក សៀមបូក ខេត្តស្ទឹងត្រែង ដែលជាម្ចាស់រង្វាន់រថយន្ត Lexus LX570 Kuro Black Edition ស៊េរីឆ្នាំ 2021 បាននិយាយទាំងសេចក្តីរំភើបញាប់ញ័រថា៖ «រង្វាន់នេះគឺជាសំណាងដែលខ្ញុំមិននឹកស្មានក្នុងជីវិតនេះ វាជាសំណាងមួយដែលខ្ញុំមិនរំពឹងទាល់តែសោះ ព្រោះសន្លឹកឆ្នោតដែលមានគឺតែមួយគត់ប៉ុណ្ណោះ។ វាក៏ជាការភ្ញាក់ផ្អើលខ្លាំងបំផុត និងសឹងតែមិនជឿពេលដែលបុគ្គលិកធនាគារ ទូរស័ព្ទមកប្រាប់ថា ខ្ញុំបានឈ្នះរង្វាន់រថយន្ត Lexus LX570។ នេះពិតជាការចែករង្វាន់ពិតៗ មិនមានការក្លែងបន្លំ ពីកម្មវិធីសន្សំនិងឈ្នះប្រាកដមែន។»

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រូម៉ូសិន “សន្សំនិងឈ្នះ” ចាប់ផ្តើមធ្វើឡើងកាលពីដើមខែកុម្ភៈរហូតដល់ចុងខែកក្កដា ឆ្នាំ២០២២ ។ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ទាំងអស់នេះ អតិថិជនគ្រាន់តែធ្វើការសន្សំជាមួយធនាគារ ហ្វីលីព ក្នុងចំនួនទឹកប្រាក់ចាប់ពី ១០០០ដុល្លារឡើងទៅតែប៉ុណ្ណោះ។

រង្វាន់ដែលធនាគារបានប្រគល់ជូនទាំងអស់រួមមាន៖
• ម៉ូតូ Honda Dream ស៊េរីឆ្នាំ 2022 ចំនួន ២៦រង្វាន់
• ទូរស័ព្ទដៃ iPhone 13 Pro Max 256G ចំនួន ២៦រង្វាន់
• កង់ Giant Talon ចំនួន ២៦រង្វាន់
• រថយន្ត Lexus LX570 Kuro Black Edition ស៊េរីឆ្នាំ 2021 ចំនួន ១រង្វាន់

អំពីធនាគារ ហ្វីលីព

ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។

Share This Post: