ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដ្រូនគ្មានមនុស្សបើក Kamikaze របស់យោធារុស្ស៊ី បានវាយប្រហារនៅទូទាំងទីក្រុងគៀវរបស់អ៊ុយក្រែន ទាំងព្រឹកព្រលឹម

    BY Khmernote Media October 17, 2022
    ដ្រូនគ្មានមនុស្សបើក Kamikaze របស់យោធារុស្ស៊ី បានវាយប្រហារនៅទូទាំងទីក្រុងគៀវរបស់អ៊ុយក្រែន ទាំងព្រឹកព្រលឹម

    ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ដ្រូនគ្មានមនុស្សបើក Kamikaze ដែលបង្ហោះដោយយោធារុស្ស៊ី បានវាយប្រហារលើទីក្រុងគៀវ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ ដែលជាសកម្មភាពបង្ករឿងមួយទៀត នៅក្នុងសង្រ្គាមរយៈពេលជិត ៨ខែ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុងគៀវ ភ្លាមៗមុនពេលការផ្ទុះលើកដំបូងនៅម៉ោងប្រហែល ៦ និង ៣៥ នាទីព្រឹក បន្ទាប់មកសំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅផ្នែកជាច្រើនទៀត។

    ប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«រដ្ឋធានីត្រូវបានវាយប្រហារដោយដ្រូនគ្មានមនុស្សបើក Kamikaze»។ លោកបានបន្ថែមថា៖«ជនជាតិរុស្ស៊ីគិតថាវានឹងជួយពួកគេ ប៉ុន្តែវាបង្ហាញពីភាពស្រេកឃ្លានរបស់ពួកគេ។ យើងត្រូវការប្រព័ន្ធការពារអាកាសបន្ថែមទៀត ហើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងត្រូវការអាវុធបន្ថែមទៀតដើម្បីការពារដែនអាកាស និងបំផ្លាញសត្រូវ»។

    ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​​មួយ​សប្តាហ៍​ បន្ទាប់​ពី​រុស្ស៊ី​បាន​បញ្ចេញ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីលដ៏​ធំ​មក​លើ​រដ្ឋធានី និង​ទីក្រុង​នានា​របស់​អ៊ុយក្រែន​នៅ​ទូទាំង​ប្រទេស។ អភិបាលក្រុងគៀវលោក Vitali Klitschko បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបណ្តាលឱ្យមានអគ្គីភ័យ និងខូចខាតអគារជាច្រើននៅកណ្តាលសង្កាត់ Shevchenkivsky ហើយបានព្រមានអ្នកស្រុកឱ្យស្វែករកកន្លែងជ្រកកោនបណ្ដោះអាសន្ន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: