ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងគ្រុនផ្តាសាយរួមគ្នា ដើម្បីការពារលទ្ធភាពនៃការផ្ទុះឡើងនៃជំងឺទាំង២ ក្នុងពេលតែមួយ

    BY Khmernote Media October 18, 2022
    សហរដ្ឋអាមេរិកជំរុញឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងគ្រុនផ្តាសាយរួមគ្នា ដើម្បីការពារលទ្ធភាពនៃការផ្ទុះឡើងនៃជំងឺទាំង២ ក្នុងពេលតែមួយ

    មន្ត្រីសុខាភិបាលអាមេរិកកំពុងជំរុញប្រជាជនឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 និងគ្រុនផ្តាសាយ ទាំងពីរមុខតែម្ដង នៅចំពេលមានការភ័យខ្លាចថា វាអាចមានការផ្ទុះឡើងនៃជំងឺទាំង ២ ក្នុងពេលតែមួយនៅរដូវរងានេះ។ អ្នកសម្របសម្រួលការឆ្លើយតបរបស់សេតវិមានចំពោះជំងឺ COVID-19 លោក Ashish Jha បាននិយាយថា លោករំពឹងថា នឹងឃើញមានការកើនឡើងនៃជំងឺផ្តាសាយនៅឆ្នាំនេះ ដោយមើលឃើញពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។ លោក​បាន​និយាយ​ថា មនុស្ស​រាប់​រយ​នាក់​អាច​ត្រូវ​បានស្រោចស្រង់ជីវិតជា​រៀង​រាល់​ថ្ងៃ​ក្នុង​រដូវរងា​នេះ ប្រសិន​បើ​ពួកគេ​បាន​ចាក់វ៉ាក់សាំងទាំង​ពីរមុខ។

    គួរឱ្យដឹងដែរថា អូស្ត្រាលីមានការរីករាលដាលនៃជំងឺផ្ដាសាយយ៉ាងច្រើននៅឆ្នាំនេះ ដោយមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា ពួកគេបានបញ្ជាក់ពីករណីជំងឺគ្រុនផ្តាសាយជាង ២២៥,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៣០៨ នាក់ ចាប់ពីដើមឆ្នាំ២០២២ ដល់ថ្ងៃអាទិត្យ។ ពួកគេ​និយាយ​ថា​ ក្នុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​គឺមាន​តែ ​៥៥០ ​ករណី​ប៉ុណ្ណោះ ​ហើយ​គ្មាន​អ្នក​ស្លាប់​ទេ​។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍កាលពីថ្ងៃសុក្របាននិយាយថា មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងផ្នែកខ្លះរបស់សហរដ្ឋអាមេរិក ហើយខ្លួនបានកំពុងអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងតាមកាលកំណត់ចុងខែតុលានេះ។

    CDC និយាយថា មានករណីគ្រុនផ្តាសាយប្រហែល ២៩ លានករណី ជាមួយនឹងការស្លាប់ប្រហែល ២៨,០០០ នាក់ ក្នុងរដូវកាលនៃជំងឺគ្រុនផ្តាសាយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ មុនពេលមានការរីករាលដាលនៃជំងឺ COVID-19៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: