អាមេរិកព្រមានដាក់ទណ្ឌកម្មចំពោះអ៊ឺរ៉ង់ក្រោយរកឃើញថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកស្ថិតក្រោមកម្មវិធីរបស់អ៊ឺរ៉ង់សម្រាប់ការវាយប្រហារនៅអ៊ុយក្រែន
អាមេរិក៖ សហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្មចំពោះប្រទេសអ៊ឺរ៉ង់ក្រោយបានរកឃើញថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ Kamikaze ដែលស្ថិតក្រោមកម្មវិធីរបស់ប្រទេសអ៊ឺរ៉ង់សម្រាប់ការវាយប្រហារនៅក្នុងទីក្រុងគៀវ និងបណ្តាលឲ្យពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរលៀសថ្ងៃអង្គារ ទី១៨ ខែតុលានេះ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះអាមេរិកបានព្រមានខ្លាំងៗថា នឹងដាក់ទណ្ឌកម្មចំពោះប្រទេស ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ ដែលបានផ្តល់រំសេវឲ្យទៅរុស្ស៊ី ឬផ្តល់ការគាំទ្រណាមួយដល់កងកម្លាំងរុស្ស៊ីសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។

ក្រោយធ្វើការព្រមានខាងលើបានមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែពេលនេះអាមេរិកបានរកឃើញប្រទេសដែលបានជួយគាំទ្ររុស្ស៊ីហើយ គឺប្រទេសអ៊ីរ៉ង់ដែលបានផ្តល់យន្តហោះគ្មានមនុស្សបើកនិងអាចបំផ្ទុះគ្រាប់បែកក្នុងកម្រិតដ៏ធ្ងន់ធ្ងរឲ្យទៅរុស្ស៊ីសម្រាប់ប្រើប្រាស់នៅសមភូមិអ៊ុយក្រែន។ បើតាមលោក Vedant Patel អ្នកនាំពាក្យឲ្យរដ្ឋភិបាលអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការចំពោះប្រទេសអ៊ីរ៉ង់នោះទេ ហើយក្រុមហ៊ុនទាំងឡាយណាដែលរកស៊ីជាមួយប្រទេសអ៊ឺរ៉ងក្នុងការផលិតអាវុធនិងមីស៊ីលផ្លោង ឬក្រុមហ៊ុនដែលបានជួយសម្របសម្រួលឲ្យមានលំហូរអាវុធពីអ៊ឺរ៉ង់ទៅកាន់រុស្ស៊ីក៏នឹងត្រូវរងនូវការពិន័យពីសហរដ្ឋអាមេរិកដូចគ្នាដែរ៕



អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times