ពលរដ្ឋអូស្រ្តាលីរាប់ពាន់នាក់នឹងត្រូវជម្លៀសខ្លួនដោយសារទឹកជំនន់ ខណៈនាយករដ្ឋមន្ត្រីបានព្រមានពីការកើតមានគ្រោះថ្នាក់កម្រិតខ្ពស់
អូស្រ្តាលី៖ ឥទ្ធិពលនៃទឹកជំនន់នឹងបង្ខំឲ្យពលរដ្ឋអូស្រ្តាលីរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃចន្ទ ទី១៧ ខែតុលានេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្រ្តាលីបានព្រមាណថា យ៉ាងហោចណាស់នឹងមានផ្ទះប្រជាពលរដ្ឋចំនួន ៣៤,០០០ខ្នងនៅក្នុងរដ្ឋ Victoria នឹងត្រូវទឹកជន់លិច ហើយផ្ទះទាំងនោះអាចនឹងត្រូវកាត់ផ្តាច់ពីគេមួយរយៈផងដែរ ពោលគឺផ្លូវថ្នល់និងអគ្គិសនីចូលទៅកាន់ផ្ទះទាំងអស់នោះអាចនឹងត្រូវកាត់ផ្តាច់ក្នុងរយៈពេលខ្លីណាមួយ។

ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះ លោក Daniel Andrews អភិបាលរដ្ឋ Victoria បានប្រកាសប្រើប្រាស់កញ្ចប់ថវិកាចំនួន ៣៥១ អូស្រ្តាលី (ជាង ២២១លានដុល្លារ) សម្រាប់ប្រើប្រាស់ក្នុងការបង្កើតកន្លែងស្នាក់នៅបណ្តោះអាសន្នឲ្យប្រជាពលរដ្ឋ សម្រាប់ជម្លៀសពលរដ្ឋ និងការប្រើប្រាស់លើការចំណាយបន្ទាន់ផ្សេងៗ។ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese ក៏ប្រាប់ឲ្យពលរដ្ឋរស់នៅក្នុងរដ្ឋ New South Wales និងរដ្ឋ Tasmania ត្រូវបន្ថែមការប្រុងប្រយ័ត្ននិងត្រៀមការពារខ្លួនពីទឹកជំនន់ ដ្បិតរដ្ឋទាំង ២នេះក៏អាចប្រឈមនឹងកើតមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងពេលដ៏ឆាប់ខាងមុខនេះផងដែ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times