ថៃរកឃើញករណីដំបូងនៃអ្នកឆ្លងមេរោគបំប្លែងខ្លួន BQ.1 ដែលជាមេរោគអាចបង្កការចម្លងបានលឿនបំផុត
- BY
- Pheakdey
- October 19, 2022
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃនៅថ្ងៃពុធទី ១៩ ខែតុលានេះបានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគបំប្លែងខ្លួនប្រភេទ BQ.1 លើកដំបូង ដែលមេរោគនេះគឺជាប្រភេទមេរោគអាចបង្កការចម្លងបានលឿនបំផុត។ តាមរយៈសេចក្តីជូនដំណឹងខាងលើនេះអាជ្ញាធរថៃក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបន្ថែមការប្រុងប្រយ័ត្នចំពោះវត្តមាននៃមេរោគថ្មីនេះ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា វត្តមាននៃមេរោគបំប្លែងខ្លួន BQ.1 អាចនឹងបង្កបញ្ហាក្នុងសង្គមជាថ្មីម្តងទៀតផងដែរ ពោលគឺហានិភ័យនៃការរាតត្បាតមេរោគប្រភេទនេះមានកម្រិតខ្ពស់ណាស់។

គួរបញ្ជាក់ជូនថា មេរោគបំប្លែងខ្លួន BQ.1 គឺជាវ៉ារ៉្យង់ដែលបានបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ អូមីក្រុងប្រភេទ BA.5 ខណៈមេរោគ BQ.1 មានកម្រិតនៃការចម្លងលឿនជាងមេរោគអូមីក្រុងប្រភេទផ្សេងៗទៀតរហូតដល់ ១៥%ឯណោះ។ ជាងនេះទៅទៀតនាពេលកន្លងមក លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកធ្លាប់បានលើកឡើងថា មេរោគ BQ.1 អាចបង្កគ្រោះថ្នាក់ចំពោះអ្នកជំងឺធ្ងន់ធ្ងរជាងមេរោគកូវីដ-១៩ទូទៅ ខណៈមេរោគប្រភេទបានចម្លងទៅកាន់ពលរដ្ឋអាមេរិកប្រមាណជា ១០% នៅក្នុងចំណោមពលរដ្ឋអាមេរិកដែលបានឆ្លងជំងឺកូវីដ-១៩ទាំងអស់។ សូមបញ្ជាក់ជូនផងដែរថា កាលថ្ងៃម្សិលមិញនេះអាជ្ញាធរក៏បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ដែលជាវ៉ារ្យ៉ង់បំប្លែងខ្លួនថ្មីមួយប្រភេទផ្សេងទៀតផងដែរ គឺមេរោគប្រភេទ XBB ដែលជាមេរោគបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ អូមីក្រុង BA.2៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






