អន្តរជាតិ

ក្រុមហ៊ុន Pfizer គ្រោងដំឡើងថ្លៃវ៉ាក់សាំងកូវីដ-១៩ដល់ ១៣០ដុល្លារក្នុងមួយដូស

BY
Pheakdey
October 21, 2022

អាមេរិក៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ប្រភេទ Pfizer គ្រោងនឹងដំឡើងថ្លៃលើផលិតផលវ៉ាក់សាំងរបស់ខ្លួនសម្រាប់លក់ជូនរដ្ឋាភិបាលអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលានេះ។ បើតាមអ្នកនាង Angela Lukin ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ក្នុងគម្រោងនាពេលកន្លងមកគឺរដ្ឋាភិបាលអាមេរិកបានទិញវ៉ាក់សាំង Pfizer ក្នុងតម្លៃត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះក្នុងមួយដូស ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានយកវ៉ាក់សាំងអស់នោះទៅចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃនោះទេ។

នាយកប្រតិបត្តិរូបនេះបានបន្តថា ឥលូវនេះគម្រោងចាស់សម្រាប់ការទិញ-លក់វ៉ាក់សាំង Pfizer រវាងក្រុមហ៊ុននិងរដ្ឋាភិបាលអាមេរិកបានបញ្ចប់ហើយ ខណៈគម្រោងថ្មីនឹងត្រូវបន្តក្នុងពេលឆាប់ៗខាងមុខនេះ ហើយនៅក្នុងគម្រោងថ្មីនោះគឺក្រុមហ៊ុនគ្រោងនឹងដំឡើងថ្លៃវ៉ាក់សាំងក្នុងតម្លៃចន្លោះពី ១១០ដុល្លារ ទៅ ១៣០ដុល្លារ សម្រាប់វ៉ាក់សាំងមួយដូស។ គួរបញ្ជាក់ជូនថា Pfizer គឺជាក្រុមហ៊ុនផលិតឱសថដ៏ធំដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនមួយនេះបានចាប់ដៃគូសហការណ៍ជាមួយក្រុមហ៊ុនអាឡឺម៉ង់ BioNTech ក្នុងការផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: