ក្រុងដាណាងរបស់វៀតណាមត្រូវខាតបង់សេដ្ឋកិច្ចអស់ជាង ៦០លានដុល្លារដោយសារទឹកជំនន់ត្រឹម ១សប្តាហ៍
- BY
- Pheakdey
- October 21, 2022
វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះបានឲ្យដឹងថា ទីក្រុងដាណាង ដែលជាក្រុងទេសចរណ៍ដ៏មានសក្តានុពលមួយរបស់វៀតណាមបានរងនូវការគំរាមគំហែងយ៉ាងខ្លាំងដោយទឹកជំនន់កាលពីសប្តាហ៍ទៅនេះ ខណៈទឹកជំនន់នោះត្រូវបានគេមើលឃើញថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននាពេលកន្លងមកនោះទេ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សក្រោយមានខ្យល់ព្យុះនិងភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ហើយនៅក្នុងស្ថានភាពបន្ទាន់ដូចនេះពលរដ្ឋមួយចំនួនមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ឆ្លើយតបនឹងគ្រោះធម្មជាតិនោះទេ។

បើតាមលោក Le Trung Chinh ដែលជាអភិបាលក្រុងដាណាងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺឥទ្ធិពលនៃទឹកជំនន់បានបំផ្លាញផលដំណាំរបស់ប្រជាកសិករក្នុងផ្ទៃដីចំនួន ៧៤ហិចតា សម្លាប់សត្វគោ ក្របី មាន់ ទា អស់ជាងចំនួន ៦០,០០០ក្បាល បំផ្លាញសាលារៀនអស់ចំនួន ១៤កន្លែង បំផ្លាញសៀវភៅសម្រាប់សិក្សាអស់ចំនួន ៤,០០០សម្រាប់ និងធ្វើឲ្យខូចខាតផ្ទះចំនួន ៧០,០០០ខ្នង ខណៈមានរថយន្តចំនួន ២,០០០គ្រឿង និងម៉ូតូចំនួន ៣០,០០០គ្រឿងក៏បានរងនូវការខូចខាតផងដែរ។ អភិបាលក្រុងរូបនេះបានបន្តថា គិតជាសរុបរួមទាំងការបំផ្លាញ់ទ្រព្យសម្បតិ្ត ការខកខានធ្វើអាជីវកម្ម និងផលប៉ះពាល់ផ្សេងៗជាច្រើនទៀតនោះគឺក្រុងដាណាងបានខាតបង់សេដ្ឋកិច្ចអស់ប្រមាណជា ១,៤៨លានលានដុង (៦០,៣ លានដុល្លារអាមេរិក) ក្នុងរយៈពេលត្រឹមមួយសប្តាហ៍កន្លងទៅនេះ៕




អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






