ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Volodymyr Zelenskyy ថ្កោលទោស​អ៊ីរ៉ង់​ចំពោះ​ការ​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើកឱ្យរុស្ស៊ី

    BY Khmernote Media October 21, 2022
    លោក Volodymyr Zelenskyy  ថ្កោលទោស​អ៊ីរ៉ង់​ចំពោះ​ការ​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើកឱ្យរុស្ស៊ី

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី ដោយសារវា​កំពុង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវិត​មនុស្ស។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកាណាដាកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា៖«អ៊ីរ៉ង់ផ្គត់ផ្គង់ឱ្យពួកគេនូវយន្តហោះគ្មានមនុស្សបើក។ ​​ផ្គត់ផ្គង់ការសម្លាប់ពួកគេ។ ការសម្លាប់ជនជាតិអ៊ុយក្រែន។ នេះជាអ្វីដែលពួកគេបានយល់ព្រម។ យល់ព្រមលើលុយ។ លុយបង្ហូរឈាមនេះដែលអ៊ីរ៉ង់រកបាន»។ លោកបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងសាកលវិទ្យាល័យរាប់រយកន្លែងនៅអ៊ុយក្រែន។

    លោកប្រធានាធិបតីក៏បាននិយាយផងដែរថា ការវាយប្រហារលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន កំពុងគំរាមកំហែងដល់អាយុជីវិតរបស់មនុស្សដែលឈានចូលដល់រដូវរងា។ នៅសហរដ្ឋអាមេរិកឯណោះវិញ មន្ត្រីកំពូលរបស់អាមេរិកកំពុងចោទប្រកាន់អ៊ីរ៉ង់ថា បានជួយទាហានរុស្ស៊ីក្នុងការប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក។ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby បាននិយាយថា អ៊ីរ៉ង់បានបញ្ជូនទាហានទៅគ្រីមៀ ដើម្បីបណ្តុះបណ្តាលទាហានរុស្ស៊ី។ ចំណែកសហភាពអឺរ៉ុប និងអង់គ្លេស ក៏កំពុងដាក់ទណ្ឌកម្មលើជនជាតិអ៊ីរ៉ង់មួយចំនួន សម្រាប់ផ្គត់ផ្គង់រុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើកនេះ។ ទណ្ឌកម្ម​បាន​កំណត់​គោលដៅ​អង្គភាព​មួយ និង​បុគ្គល​ ៣ នាក់​។ ការពិន័យរួមមានការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរ។ យ៉ាងណា អ៊ីរ៉ង់​បាន​បដិសេធ​ការ​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដល់​ក្រុង​ម៉ូស្គូ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: