ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះក្រុមហ៊ុន Korean Air បានរអិលធ្លាក់ពីផ្លូវរត់ក្នុងអាកាសយានដ្ឋានអន្តរជាតិ Cebu របស់ប្រទេសហ្វីលីពីន

    BY Khmernote Media October 25, 2022
    យន្តហោះក្រុមហ៊ុន Korean Air បានរអិលធ្លាក់ពីផ្លូវរត់ក្នុងអាកាសយានដ្ឋានអន្តរជាតិ Cebu របស់ប្រទេសហ្វីលីពីន

    អាជ្ញាធរហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែតុលា នេះថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានរអិលធ្លាក់ពីលើផ្លូវរត់ កំឡុងពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cebu ក្នុងប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យមានមនុស្សរបួស ហើយអាកាសយានដ្ឋានត្រូវបានបិទបណ្ដោះអាសន្ន។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយនៅក្នុងរបាយការណ៍មួយថា អ្នកដំណើរ និងអាកាសយានិកទាំង ១៧៣នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ជើងហោះហើរលេខ KE631 ចេញដំណើរពីទីក្រុង Incheon ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះ Airbus A330 បានក្រឡាប់ផ្លូវរត់កាលពីថ្ងៃអាទិត្យ ខណៈអ្នកដែលរងរបួសស្រាល ក៏ត្រូវបានបញ្ជូនទៅគ្លីនិករបស់អាកាសយានដ្ឋានផងដែរ។

    លោក Glenn Napuli ជំនួយការអ្នកគ្រប់គ្រងអាកាសយានដ្ឋានបាននិយាយថា អាកាសយានដ្ឋាននឹងត្រូវបិទរហូតដល់ពាក់កណ្តាលអធ្រាត្រ ហើយអាជ្ញាធរកំពុងធ្វើការ ដើម្បីបន្តជើងហោះហើរឡើងវិញក្នុងពេលថ្ងៃបន្ទាប់។ លោក Napuli បាន​និយាយ​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា​៖«​យើង​សង្ឃឹម​ថា​ នៅ​ថ្ងៃ​ស្អែក​យើង​អាច​យក​យន្តហោះ​ចេញ​បាន​»។ Napuli បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការលើមូលហេតុនៃគ្រោះថ្នាក់នេះ។ ចំណែកប្រធានក្រុមហ៊ុនអាកាសចរណ៍ Korean Air លោក Woo Kee-hong ក៏បានសុំទោសចំពោះឧប្បត្តិហេតុនេះ ហើយបានប្តេជ្ញាថា នឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីអាជ្ញាធរហ្វីលីពីន និងកូរ៉េ។ លោក Woo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុនថា៖«យើងតែងតែផ្តល់អាទិភាពដល់សុវត្ថិភាព ក្នុងប្រតិបត្តិការទាំងអស់របស់យើង ហើយយើងពិតជាសោកស្តាយចំពោះភាពតានតឹង និងការរអាក់រអួលដល់អ្នកដំណើររបស់យើង»៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: