មនុស្ស ១៣នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះទូកកំពុងធ្វើដំណើរនៅលើឆ្នេរសមុទ្រឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ យ៉ាងយោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏កម្រងមួយ គឺហេតុការណ៍ភ្លើងឆេះទូកនៅកណ្តាលសមុទ្រ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលានេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រនៃកោះ Timor ដែលស្ថិតនៅក្នុងខេត្ត Nusa Tenggara ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។

បើតាមអាជ្ញាធឥណ្ឌូនេស៊ីបានបញ្ជាក់ថា នៅលើទូកនោះមានផ្ទុកមនុស្សសរុបចំនួន ២៥៤នាក់ ហើយអ្នកដំណើរទាំងអស់បាននាំគ្នាលោតចូលទឹកភ្លាមៗក្រោយពេលភ្លើងបានចាប់ផ្តើមឆាបឆេះនៅលើទឹកទូក។ ក្រោយកើតមានហេតុការណ៍បន្ទាន់នេះ ក្រុមអ្នកជួយសង្គ្រោះក៏បានប្រញាប់ប្រញាល់ទៅជួយជនរងគ្រោះដែរ តែជាអកុសលគេអាចជួយសង្គ្រោះជីវិតមនុស្សបានត្រឹម ២៤១នាក់ប៉ុណ្ណោះ ខណៈ ១៣នាក់ទៀតបានស្លាប់បាត់បង់ជីវិត៕


អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia