ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិក​ Twitter បានព្រមាន​ថា ​ការ​បញ្ឈប់​បុគ្គលិក​តាមគម្រោងរបស់​លោក Elon Musk ​នឹង​ក្លាយជារឿងដែលខ្ជីខ្ជាបំផុត

    BY Khmernote Media October 25, 2022
    បុគ្គលិក​ Twitter បានព្រមាន​ថា ​ការ​បញ្ឈប់​បុគ្គលិក​តាមគម្រោងរបស់​លោក Elon Musk ​នឹង​ក្លាយជារឿងដែលខ្ជីខ្ជាបំផុត

    រយៈពេលប៉ុន្មានថ្ងៃ នៅមុនពេលកិច្ចព្រមព្រៀងរបស់លោក Elon Musk ដើម្បីទទួលបាន Twitter នឹងឈានចូលដល់ទីបញ្ចប់ បុគ្គលិករបស់ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ កំពុងព្រមានថា ការកាត់បន្ថយបុគ្គលិកនឹងក្លាយជារឿងដែលខ្ជីខ្ជាបំផុត នេះបើតាមសំបុត្របើកចំហរមួយពីបុគ្គលិក Twitter ដោយមិនបានបញ្ជាក់ចំនួន ដែលផ្ញើទៅកាន់ក្រុមប្រឹក្សាភិបាលរបស់លោក Musk និង Twitter ។ លិខិត​នេះ​បានកើត​ឡើង​ដោយ​ផ្អែក​លើ​របាយការណ៍​ពី​កាសែត The Washington Post ដែល​ថា លោក Musk ចង់​កាត់​បន្ថយ​បុគ្គលិក​ចំនួន ៧៥% នៅក្នុងចំណោមបុគ្គលិកសរុបប្រមាណ ៧៥០០ នាក់ របស់ក្រុមហ៊ុន Twitter ។

    លិខិតនោះបាននិយាយថា៖«ផែនការរបស់ Elon Musk ក្នុងការបញ្ឈប់បុគ្គលិក ៧៥% របស់ Twitter នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ Twitter ក្នុងការបម្រើការសន្ទនាជាសាធារណៈ។ ការគំរាមកំហែងមួយនេះគឺជាភាពខ្ជីខ្ជា ធ្វើឱ្យខូចទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអតិថិជនរបស់យើងចំពោះវេទិការបស់យើង ហើយជាទង្វើប្រកបដោយតម្លាភាពនៃការបំភិតបំភ័យបុគ្គលិក។ យើង​មិន​អាច​ធ្វើ​ការងារ​របស់​យើង​ក្នុង​បរិយាកាស​នៃ​ការ​បំពាន និង​ការ​គំរាម​កំហែង​ឥត​ឈប់ឈរ​នោះ​ទេ»។

    លិខិតនេះក៏រួមបញ្ចូលផងដែរនូវបញ្ជីនៃតម្រូវការសម្រាប់ «ភាពជាអ្នកដឹកនាំបច្ចុប្បន្ន និងអនាគត» របស់ក្រុមហ៊ុន ដែលបន្ថែមពីលើ «គោលការណ៍ផ្តាច់មុខដោយយុត្តិធម៌សម្រាប់បុគ្គលិកទាំងអស់»។ ពោលគឺ ម្ចាស់សំបុត្រចង់ឱ្យលោក Musk រក្សាអត្ថប្រយោជន៍បុគ្គលិកដែលមានស្រាប់ រួមទាំងការងារពីចម្ងាយផងដែរ។ រំលឹកដែរថា លោក Musk ក៏ធ្លាប់បានរិះគន់ការងារពីចម្ងាយផងដែរ ហើយបានស្នើឱ្យបុគ្គលិក Twitter ភាគច្រើន គួរតែត្រឡប់ទៅធ្វើការនៅការិយាល័យវិញ។ គេ​មិន​ដឹង​ថា តើ​មាន​បុគ្គលិក​ប៉ុន្មាន​នាក់​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​នោះ​មក​ទល់​ពេល​នេះ។ ប៉ុន្តែវានៅតែជាសញ្ញាមួយផ្សេងទៀត ដែលបង្ហាញពីភាពរញ៉េរញ៉ៃដែលអាចទៅរួចសម្រាប់បុគ្គលិក Twitter នៅក្រោមការដឹកនាំរបស់លោក Musk ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: