បុរសវៀតណាមម្នាក់បានបាត់បង់ជីវិតដោយសារជំងឺឆ្កែឆ្កួត ក្រោយទទួលទានសាច់ឆ្កែបាន ២ខែក្រោយ
វៀតណាម៖ បុរសអាយុ ៥០ឆ្នាំម្នាក់ រស់នៅទីក្រុងហាណូយ បានស្លាប់ដោយសារជំងឺឆ្កែឆ្កួត (Rabies) ក្រោយរយៈពេល ២ខែ បន្ទាប់ពីគាត់បានសម្លាប់សត្វឆ្កែចំនួន ២ក្បាល ដើម្បីយកមកធ្វើជាអាហារ។ នាយកដ្ឋានសុខាភិបាលទីក្រុងហាណូយ បានប្រកាសនៅថ្ងៃអង្គារនេះថា បុរសម្នាក់នោះរស់នៅស្រុក Me Linh ហើយគាត់ចាប់មានការឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំ ពិបាកដកដង្ហើម និងខ្លាចទឹក ខ្យល់ និងពន្លឺ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា។ លុះរហូត ២ថ្ងៃ ក្រោយមក គ្រួសាររបស់គាត់បាននាំគាត់ទៅកាន់មន្ទីរពេទ្យស្រុក និងបានរកឃើញថា គាត់បានវិជ្ជមានជំងឺផ្ដាសាយធំប្រភេទ B (influenza B virus)។ កំឡុងពេលទទួលការព្យាបាលនោះផងដែរ គេសង្កេតឃើញថា គាត់ងាយនឹងឆាប់ខឹង ហើយនិយាយស្ដីម្នាក់ឯងជាញឹកញាប់។

នៅថ្ងៃទី១៩ ខែតុលា គាត់ត្រូវបានបញ្ជូនបន្ដទៅកាន់មន្ទីរពេទ្យ Bach Mai ហើយគ្រូពេទ្យក៏បានសង្ស័យថា គាត់បានឆ្លងជំងឺឆ្កែឆ្កួត ដោយសារគាត់មានអាការញ័រទទ្រើក ក្អួតធ្ងន់ធ្ងរ ចង្វាក់បេះដូងលោតញាប់ និងស្ពឹក។ ពួកគេបានបញ្ជូនសំណាករបស់គាត់ទៅវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតដើម្បីធ្វើតេស្ត ហើយជាលទ្ធផល គឺគាត់មានវិជ្ជមានចំពោះមេរោគឆ្កែឆ្កួតពិតមែន។
គាត់បានស្លាប់នៅថ្ងៃដដែល ដែលគាត់បានមកដល់មន្ទីរពេទ្យ Bach Mai ។ ការស៊ើបអង្កេតក្រោយមកបានបង្ហាញថា ប្រហែល ២ ខែមុន គាត់បានចូលរួមជាមួយមនុស្សជាច្រើនទៀត នៅក្នុងសង្កាត់របស់គាត់ ដើម្បីសម្លាប់ឆ្កែក្នុងស្រុកចំនួន ២ក្បាល ដែលមានអាយុប្រហែល ៥ខែ ហើយមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅឡើយទេ។ វាមិនច្បាស់ទេថា តើអ្នកជំងឺត្រូវបានឆ្កែខាំ ឬរងរបួសក្នុងអំឡុងពេលនៃការសម្លាប់នោះ ប៉ុន្តែខ្លួនគាត់ផ្ទាល់ មិនបានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress