តុលាការអង់គ្លេសសម្រេចផ្តន្ទាទោសបុរសម្នាក់ដែលបានយកថង់គ្របមុខដើម្បីធ្វើសកម្មភាពប្លន់យកប្រាក់និងបារីឲ្យជាប់គុក ២ឆ្នាំកន្លះ
អង់គ្លេស៖ ចោរកំប្លែងម្នាក់ត្រូវបានតុលាការនៃប្រទេសអង់គ្លេសសម្រេចកាត់ទោសឲ្យជាប់គុករយៈពេល ២ឆ្នាំ កន្លះ ក្រោយរូបគាត់បានព្យាយាមធ្វើសកម្មភាពប្លន់ប្រាក់និងបារី ហើយក្នុងអំឡុងពេលធ្វើសកម្មភាពប្លន់នោះរូបគាត់បានយកថង់ប្លាស្ទិកពណ៌លឿងមួយមកពាក់ដើម្បីលាក់បាំងមុខមាត់របស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា សកម្មភាពប្លន់គួរឲ្យអស់សំណើចនេះបានកើតឡើងតាំងពីថ្ងៃទី ២៣ ខែសីហាកន្លងទៅម្លេះ តែការសម្រេចផ្តន្ទាទោសពីតុលាការទើបត្រូវបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ។

ជនជាប់ចោទមានឈ្មោះថា Jed James អាយុ ២៩ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុនោះគឺគាត់បានចូលទៅធ្វើសកម្មភាពប្លន់នៅក្នុងការិយាល័យប្រៃសណីយ៍មួយកន្លែងស្ថិតនៅក្នុងតំបន់ Oxfordshire ភាគខាងលិចនៃប្រទេសអង់គ្លេស។ ក្នុងពេលធ្វើសកម្មភាពលោក Jed James បានយកថង់ប្លាស្ទិកសម្រាប់ដាក់ឥវ៉ាន់របស់ផ្សារ Online ឈ្មោះ Sainsbury មកពាក់នៅលើក្បាល ដោយគ្រាន់តែចោះប្រហោងនៅកន្លែងភ្នែកសម្រាប់មើលផ្លូវតែប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ក្នុងអំឡុងពេលធ្វើសកម្មភាពប្លន់នោះជនសង្ស័យបានព្យាយាមទារយកប្រាក់និងបារីពីស្រ្តីម្នាក់ដែលឈរនៅក្បែរគាត់ ខណៈស្រ្តីរូបនោះបានប្រាប់គាត់វិញថា គាត់កំពុងធ្វើសកម្មភាពដ៏ឆ្កួតលីលាមួយ ដ្បិតនៅជុំវិញខ្លួនគាត់មានកាមេរ៉ាសុវត្ថិភាពច្រើនណាស់។ បន្តិចក្រោយមកជនជាប់ចោទក៏បានរត់ចេញទីកន្លែងកើតហេតុ ខណៈការប៉ុនប៉ងប្លន់របស់គាត់មិនទទួលបានជោគជ័យនោះទេ ហើយរូបគាត់ត្រូវបានចាប់ខ្លួននៅល្ងាចនៃថ្ងៃកើតហេតុនោះតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail