ពលរដុ្ឋកូរ៉េខាងត្បូងជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់ ក្រោយប្រមូលផ្តុំគ្នាយ៉ាងកកកុញដើម្បីអបអរពិធីបុណ្យ Halloween
កូរ៉េខាងត្បូង៖ ពលរដុ្ឋកូរ៉េខាងត្បូងជាច្រើនបានដួលសន្លប់ជាបន្តបន្ទាប់គ្នា ក្រោយពួកគេបានព្យាយាយធ្វើជួបជុំគ្នាក្នុងចំណោមហ្វូងមនុស្សជាច្រើនដើម្បីអបអរពិធីបុណ្យ Halloween ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត ១១ យប់ថ្ងៃសៅរ៍ ទី២៩ ខែតុលានេះ នៅកន្លែងកំសាន្តក្នុងតំបន់ Itaewon នៃប្រទេសកូរ៉េខាងត្បូង។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគេបានរកឃើញមានពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា ៥០នាក់ ដែលបានដួលសន្លប់ និងត្រូវបញ្ជូនទៅព្យាបាលបន្ទាន់ ខណៈស្ថានភាពចលាចលនៅបន្តកើតមាននៅឡើយ។ ក្រោយទទួលបានដំណឹងនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានចេញបញ្ជាឲ្យគ្រប់មន្ទីរពេទ្យនៅក្បែរកន្លែងកើតហេតុត្រូវត្រៀមខ្លួនដើម្បីសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ហើយលោកក៏បានបញ្ជាឲ្យក្រុមអ្នកជួយសង្គ្រោះបន្ទាន់ត្រូវចេញប្រតិបត្ការណ៍ទៅជួយជនរងគ្រោះភ្លាមៗផងដែរ៕




អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia