អន្តរជាតិ

អាជ្ញាធរឥណ្ឌាបានរកឃើញអ្នកទទួលខុសត្រូវនិងមូលហេតុដែលធ្វើឲ្យស្ពានបាក់ហើយ ខណៈតួលេខអ្នកបាត់បង់ជីវិតបន្តកើនឡើងដល់ ១៣៤នាក់

BY
Pheakdey
October 31, 2022

ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Times នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែតុលានេះបានឲ្យដឹងថា តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានយោលនៅក្នុងប្រទេសឥណ្ឌាបានបន្តកើនឡើងរហូតដល់ ១៣៤នាក់ហើយ ខណៈឧប្បត្តិហេតុមួយនេះត្រូវបានអាជ្ញាធរឥណ្ឌាបញ្ជាក់ថា ជាគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសឥណ្ឌានៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បើតាមប៉ូលិសប្រចាំរដ្ឋ Gujarat ដែលជាទីកន្លែងកើតហេតុបានបញ្ជាក់ថា មានមនុស្សចំនួន ៩នាក់ ដែលជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍មួយនេះ ដោយពួកគេគឺជាក្រុមការងារទទួលជួសជុលនិងគ្រប់គ្រងស្ពាន។

យ៉ាងណាក្តី គិតត្រឹមពេលនេះប៉ូលិសឥណ្ឌានៅមិនទាន់បង្ហាញអត្តសញ្ញាណមនុស្សទាំង ៩នាក់នោះនៅឡើយទេ ខណៈការស៊ើបអង្កេតពីសំណាក់ប៉ូលិសជំនាញនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ បើតាមលោក Ashok Yadav ដែលជាមន្ត្រីនគរបាលជាន់ខ្ពស់បានប្រាប់ឲ្យដឹងថា តាមការពិតស្ពានដែលបានបាក់នោះនៅមិនទាន់ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ពោលគឺវាស្ថិតនៅក្នុងដំណាក់កាលជួសជុល ខណៈយោងតាមកាលបរិច្ឆេតជាលក្ខណៈបច្ចេកទេសគឺស្ពាននឹងត្រូវបើកឲ្យប្រើប្រាស់ឡើងវិញនៅដើមសប្តាហ៍ក្រោយ។ បើទោះជាយ៉ាងនេះក្តី ក្រុមអ្នកជួសជុលនិងគ្រប់គ្រងស្ពានមិនបានជូនដំណឹងសំខាន់មួយនេះជាសាធារណៈឬរាយការណ៍ទៅកាន់អាជ្ញាធរនោះទេ ហើយដោយមានមនុស្សជាច្រើនដើរកាត់ស្ពាននិងមានអ្នកខ្លះថែមទាំងបានព្យាយាមយោលស្ពានលេងទៀតនោះ ស្ពានក៏បានបាក់យ៉ាងឆាប់រហ័សតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait  Times

Share This Post: