កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក សម្រេចបន្ដអូសបន្លាយសមយុទ្ធ Vigilant Storm ឆ្លើយតបទៅនឹងការបង្ហោះមីស៊ីលមិនចេះចប់របស់កូរ៉េខាងជើង
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់សម្តីរបស់យោធាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ បូករួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ។ ជម្រាបផងដែរថា មួយរយៈចុងក្រោយនេះ កូរ៉េខាងជើងបានបង្កើនការបង្ហោះមីស៊ីល និងបាញ់កាំភ្លើងធំជាច្រើនគ្រាប់យ៉ាងគួរឱ្យព្រួយបារម្ភបំផុត។

បន្ទាប់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង កងកម្លាំងទ័ពអាកាសរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាក្នុងការបន្តសមយុទ្ធដែនអាកាស «Vigilant Storm» ជាការឆ្លើយតបទៅវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានយ៉ុនហាប់។ កងទ័ពអាកាសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជំហរការពាររួមបញ្ចូលគ្នាដ៏រឹងមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក គឺជារឿងចាំបាច់ នៅក្រោមវិបត្តិសន្តិសុខបច្ចុប្បន្នដែលកំពុងកើនឡើង ដោយសារតែការបង្ករឿងរបស់កូរ៉េខាងជើង»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN