អន្តរជាតិ

អាជ្ញាធរចិនចេញមកធ្វើការសូមទោសជាសាធារណៈ​ ក្រោយមានកុមារម្នាក់បានបាត់បង់ជីវិតក្នុងអំឡុងពេលបិទខ្ទប់ទីក្រុង

BY
Pheakdey
November 4, 2022

ចិន៖ កូនក្មេងអាយុ ៣ឆ្នាំម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងអំឡុងពេលដែលអាជ្ញាធរចិនកំពុងអនុវត្តវិធានការបិទខ្ទប់ទីក្រុងដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុង Lanzhou ភាគខាងជើងប្រទេសចិន កាលពីល្ងាចថ្ងៃទី ៣ ខែវិច្ឆិកាម្សិលមិញនេះ។ 

ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនេះទីក្រុង Lanzhou កំពុងស្ថិតនៅក្នុងដំណាក់កាលបិទខ្ទប់ ដែលពលរដ្ឋគ្រប់រូបមិនអាចធ្វើដំណើចេញពីផ្ទះបានដោយគ្មានការអនុញ្ញាតនោះទេ ខណៈសេវាផ្សេងៗនៅទូទាំងទីក្រុងវិញត្រូវដំណើការដោយមានភាពយឺតយ៉ាវ ឬសេវាមិនសូវចាំបាច់មួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្នតែម្តង។ នៅក្នុងស្ថានភាពមិនអំណោយផលនេះស្រាប់តែកុមារជាជនរងគ្រោះបានកើតមានបញ្ហាសុខភាព ដែលតម្រូវឲ្យមានការព្យាបាលជាបន្ទាន់មួយ។  

យ៉ាងណាក្តី ខាងមន្ទីរពេទ្យមិនអាចជួយសង្គ្រោះកុមាររងគ្រោះឲ្យបានទាន់ពេលវេលានោះទេ ពោលគឺការព្យាបាលត្រូវបានពន្យាពេលយ៉ាងយូរ ហើយនៅក្នុងអំឡុងពេលនៃការរង់ចាំសេវាព្យាបាលនោះកុមាររងគ្រោះក៏បានស្លាប់តែម្តង ដោយរូបគេបានស្លាប់ដោយសារបញ្ហាពុលកាបូនម៉ូណូអុកស៊ីត។ ជុំវិញករណីអកុសលនេះ អាជ្ញាធរចិនបានចេញមកធ្វើការសូមទោសជាសាធារណៈ និងទទួលស្គាល់ថាបញ្ហានេះគឺជាចំណុចឆកល្វែងរបស់របស់អាជ្ញាធរសុខាភិបាល៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: