ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកដឹកជញ្ជូន Grab ជាច្រើនរយនាក់នៅប្រទេសថៃ នាំគ្នាធ្វើបាតុកម្មផ្អើលក្រុងបាងកក ដើម្បីប្រឆាំងនឹងគម្រោងមួយនេះ

    BY Khmernote Media November 5, 2022
    ក្រុមអ្នកដឹកជញ្ជូន Grab ជាច្រើនរយនាក់នៅប្រទេសថៃ នាំគ្នាធ្វើបាតុកម្មផ្អើលក្រុងបាងកក ដើម្បីប្រឆាំងនឹងគម្រោងមួយនេះ

    ថៃ៖ ក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារឲ្យក្រុមហ៊ុន Grab ប្រមាណជា ៨០០នាក់បាននាំធ្វើបាតុកម្មយ៉ាងកកកុញពេញទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសោរ៍ ទី៥ ខែវិច្ឆិកានេះ។ ការធ្វើបាតុកម្មបានចាប់ផ្តើមនៅក្បែរអគារ Central World បន្ទាប់មកក្បួនតវ៉ាក៏បានអូសបន្លាយដល់ទីតាំងរបស់ក្រុមហ៊ុន Grab ខណៈដងវិថី Phetchaburi ដែលជាចរន្តផ្លូវដ៏សំខាន់ក្នុងក្រុងបាំងកកត្រូវបានបិទក្នុងរយៈពេលជាច្រើនម៉ោង។

    ប្រភពខាងលើបានបន្តថា ហេតុផលដែលនាំឲ្យមានការតវ៉ានេះគឺដោយសារតែក្រុមហ៊ុន Grab បានអនុវត្តនូវគម្រោងថ្មីមួយគឺគម្រោង “Zoning System” ដែលតាមរយៈគម្រោងនេះគឺក្រុមហ៊ុនតម្រូវឲ្យដឹកជញ្ជូនទាំងអស់ត្រូវកំណត់ពេលវេលានិងទីតាំងធ្វើការរបស់ពួកគេឲ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមធ្វើការងារ ខណៈនាពេលកន្លងមកក្រុមអ្នកដឹកជញ្ជូនអាចធ្វើការងារពេលណាក៏បាន ទីកន្លែងណាក៏បាន ពោលគឺពួកគេអាចធ្វើការងារដោយយោងទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគេ។ ក្រុមអ្នកដឹកជញ្ជូនបានលើកឡើងថា គម្រោង “Zoning System” នឹងធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល និងពិបាកធ្វើការជាងមុន ដូចនេះហើយទើបពួកគេសម្រេចនាំគ្នាធ្វើការតវ៉ាជាមួយក្រុមហ៊ុន។

    ក្នុងការតវ៉ាគឺក្រុមអ្នកដឹកជញ្ជូនបានស្នើសុំ ៣ចំណុចរួមមាន លុបចោលគម្រោង “Zoning System” លុបចោលគម្រោងអនុញ្ញាតឲ្យមានការដឹកជញ្ជូនតែក្នុងករណីមានការបញ្ជាទិញច្រើន និងផ្តល់តម្លៃលើសេវាដឹកជញ្ជូនក្នុងអាត្រាដូចកាលពីមុន ពោលគឺអាត្រាមុនពេលក្រុមហ៊ុនបានសម្រេចកាត់បន្ថយកាលពីពេលថ្មីៗនេះ។ ជុំវិញរឿងចម្រូងចម្រាសខាងលើនេះ តំណាងក្រុមហ៊ុន Grab បានចេញមកប្រាប់ក្រុមអ្នកតវ៉ាថា ក្រុមហ៊ុននឹងយកសំណើទាំងអស់នេះទៅពិចារណាឡើយវិញ ហើយក្រុមហ៊ុននឹងផ្តល់ដំណោះស្រាយសបស្របមួយនៅក្នុងរយៈ ១៤ថ្ងៃទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: