ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយនិយាយថា ប្រទេសថៃមានចំនួនប្រជាជនក្រីក្រចំនួន ៣.៤ លាននាក់ គិតត្រឹមដើមឆ្នាំនេះ

    BY Khmernote Media November 9, 2022
    របាយការណ៍មួយនិយាយថា ប្រទេសថៃមានចំនួនប្រជាជនក្រីក្រចំនួន ៣.៤ លាននាក់ គិតត្រឹមដើមឆ្នាំនេះ

    ទិន្នន័យថ្មីមួយដែលចេញផ្សាយដោយទីភ្នាក់ងារជំរឿនរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ប្រទេសថៃមានប្រជាជនប្រមាណ ៣.៤ លាននាក់ ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រគិតត្រឹមខែមករាឆ្នាំនេះ។ ទីភ្នាក់ងារជំរឿនថៃ Thai People Map and Analytics Platform (TPMAP) បានស្ទង់មតិពីប្រជាជនចំនួន ៣៦.១ លាននាក់ នៅទូទាំងប្រទេស ថាតើពួកគេខ្វះខាតតម្រូវការជាមូលដ្ឋាន ឬអត់ ដោយផ្អែកលើស្ថិតិឆ្នាំ២០២១ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍។ TPMAP ក៏បានពិនិត្យមើលចំនួនប្រជាជនដែលបានចុះឈ្មោះយកប័ណ្ណសុខុមាលភាពរដ្ឋ ដើម្បីបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាលក្នុងឆ្នាំនេះផងដែរ។ ក្នុងចំណោមចំនួនដែលបានស្ទង់មតិទាំងនោះ មានប្រជាជន ៣.៤៤ លាននាក់ ត្រូវបានគេរកឃើញថា រស់នៅដោយមិនអាចទទួលបានតម្រូវការមូលដ្ឋានគ្រប់គ្រាន់ ហើយពួកគេត្រូវបានចាត់ថ្នាក់ថាជាប្រជាជន «ក្រីក្រ»។


    TPMAP បាននិយាយថា ក្នុងចំណោមប្រជាជនទាំង ៣.៤៤ លាននាក់ ដែលត្រូវបានចាត់ថ្នាក់ថាជាអ្នកក្រីក្រ មាន ១.០៣ លាននាក់ បានទៅចុះឈ្មោះ និងទទួលបានប័ណ្ណសុខុមាលភាពរដ្ឋ។ ការស្ទង់មតិក៏បានបង្ហាញផងដែរថា ប្រជាជន ១.០២ លាននាក់ ត្រូវការជំនួយជាបន្ទាន់លើបញ្ហាដូចខាងក្រោម៖

    • សុខភាព, មាន ២១៨,៧៥៧ នាក់

    • ស្ថានភាពរស់នៅ, មាន ២២០,០៣៧ នាក់

    • ការអប់រំ, មាន ២៧២,៥១៨ នាក់

    • ចំណូល, មាន ៥០៦,៦៤៧ នាក់

    • ការចូលប្រើសេវាកម្មរដ្ឋាភិបាល, មាន ៣,៣៣៥ នាក់

    អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Thipanun Sirichana បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលនឹងប្រើប្រាស់ទិន្នន័យដែលផ្តល់ដោយ TPMAP ដើម្បីផ្តល់ជំនួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយ តួលេខដែលផ្តល់ដោយ TPMAP គឺខុសពីតួលេខដែលផ្តល់ដោយការិយាល័យស្ថិតិជាតិនៃប្រទេសថៃ (NSOT)។ យោងតាមតួលេខរបស់ NSOT ប្រទេសថៃមានប្រជាជនចំនួន ៤.៤ លាននាក់ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងឆ្នាំ២០២១ ធៀបនឹង ៨.៤៤ លាននាក់ក្នុងឆ្នាំ ២០១២។ NSOT ប្រើប្រាស់កម្រិតប្រាក់ចំណូលជាលក្ខណៈវិនិច្ឆ័យ សម្រាប់ចាត់ថ្នាក់ប្រជាជនក្រីក្រ ហើយរាប់តែអ្នកដែលរកបានតិចជាង ២,៨០២ បាត (៧៥ដុល្លារ) ក្នុងមួយខែ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: