អន្តរជាតិ

វៀតណាមបើកដំណើរការសាកលវិទ្យាល័យស្តង់ដារអន្តរជាតិដែលមានតម្លៃ ២០០លានដុល្លារ

BY
Pheakdey
November 10, 2022

វៀតណាម៖ យោងតាម​ការ​ចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ប្រទេសវៀតណាមបានបើកដំណើរការសាកលវិទ្យាល័យកម្រិតអន្តរជាតិមួយ ដែលមានតម្លៃរហូតដល់ ២០០លានដុល្លារអាមេរិកឯណោះ។ សាកលវិទ្យាល័យមួយនេះមានឈ្មោះថា សាកលវិទ្យាល័យវៀតណាម-​អាឡឺម៉ង់ (Vietnamese-German University) មានទីតាំងស្ថិតនៅក្នុងក្រុង Ben Cat ខេត្ត Binh Duong លាតសន្ធឹងលើផ្ទៃដី ៥០,៥ ហិចតា ត្រូវបានផ្តួចផ្តើមកសាងដំបូងនៅក្នុងឆ្នាំ ២០១៦ ក្រោមកម្ចីពីធនាគាពិភពលោក និងត្រូវបានបើកឲ្យដំណើរការជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ។

ប្រភពខាងលើបានបន្តថា សាលកវិទ្យាល័យខាងលើនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំវៀតណាម ខណៈសាកលវិទ្យាល័យមានកម្រិតស្តង់ដាដូចសាកលវិទ្យាល័យនៅក្នុងប្រទេសអាឡឺម៉ង់ និងសាកលវិទ្យាល័យកម្រិតអន្តរជាតិជាច្រើនផ្សេងទៀតផងដែរ។ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យវៀតណាម-អាឡឺម៉ង់ រួមមានសាលបង្រៀន អគារនៃមហាវិទ្យាល័យនិងនាយកដ្ឋានជាច្រើន មន្ទីរពិសោធន៍កម្រិតស្តង់ដារអន្តរជាតិចំនួន ២១ បណ្ណាល័យ សាលសន្និសីទ ផ្ទះប្រតិបត្តិការ មជ្ឈមណ្ឌលកីឡា និងអន្តេវាសិកដ្ឋាន។ បើតាមលោកបណ្ឌិត Ha Thuc Vien អនុប្រធានសាកលវិទ្យាល័យបានប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំសិក្សាដំបូងនេះសាកលវិទ្យាល័យបានទទួលសិស្សជាជនជាតិវៀតណាមចំនួន ២ ៤០០នាក់ និងសិស្សអន្តរជាតិចំនួន ៧០នាក់ហើយ ខណៈតាមគម្រោងគឺសាកលវិទ្យាល័យនឹងបណ្តុះបណ្តាលយុវជនវៀតណាមឲ្យបានរហូតដល់ ៦​ ០០០ នៅត្រឹមឆ្នាំ ២០៣០ខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Tuoitre News

 

Share This Post: