មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាត់បង់ជីវិតនៅអ៊ុយក្រែនច្រើនជាង ១០០,០០០ នាក់
ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិក លោក Mark Milley បាននិយាយកាលពីថ្ងៃពុធថា បុគ្គលិកយោធារុស្ស៊ីជាង ១០០,០០០ នាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរបស់ទីក្រុងគៀវ ក៏ទំនងជាទទួលរងនូវការខូចខាតស្រដៀងគ្នាផងដែរ។ លោក Milley បាននិយាយនៅក្នុងសុន្ទរកថានៅឯក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូវយ៉កថា ៖«អ្នកកំពុងមើលឃើញទាហានរុស្ស៊ីជាង ១០០,០០០ នាក់ ដែលត្រូវបានសម្លាប់ និងរងរបួស។ រឿងដូចគ្នាប្រហែលជាកើតលើភាគីអ៊ុយក្រែនដូចគ្នា»។

តួលេខដែលផ្តល់ដោយលោក Milley គឺជាតួលេខច្បាស់លាស់បំផុតមួយរហូតមកដល់បច្ចុប្បន្ន ដែលចេញពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងរយៈពេលជាង ៨ខែ ក្នុងសង្រ្គាមអ៊ុយក្រែន។ លោក Milley ក៏បាននិយាយផងដែរថា នៅមានឱកាសសម្រាប់កិច្ចពិភាក្សាស្តីពីការបញ្ចប់សង្រ្គាម ហើយថា ជ័យជំនះខាងយោធាប្រហែលជាមិនអាចទៅរួចទាំងភាគីរុស្ស៊ី ឬអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់លោក Milley បានកើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានបញ្ជាឱ្យកងទ័ពរបស់ខ្លួនដកខ្លួនចេញពីទីក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលជាការប៉ះទង្គិចដ៏ធំមួយចំពោះយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ