ស្ត្រីថៃម្នាក់ត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៥ឆ្នាំ ក្រោយបង្ហោះវីដេអូញ៉ាំស៊ុបប្រចៀវលើ Facebook (មានវីដេអូ)
- BY
- Pheakdey
- November 11, 2022
ថៃ៖ ស្រី្តជាគ្រូបង្រៀនម្នាក់ត្រូវបានប៉ូលិសជំនាញថៃសម្រេចធ្វើការចាប់ខ្លួនជាបន្ទាន់ ក្រោយស្រ្តីរូបនេះបានបង្ហោះវីដេអូញ៉ាំស៊ុបសាច់ប្រចៀវយ៉ាងឆ្ងាញ់មាត់នៅតាមបណ្តាញសង្គម Facebook ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះបានឲ្យដឹងថា ស្ត្រីជនជាតិថៃរូបនេះឈ្មោះថា Phonchanok Srisunaklua បានបង្ហោះសកម្មភាពញ៉ាំស៊ុបសាច់ប្រចៀវកាលពីដើមសប្តាហ៍កន្លងទៅ ហើយវីដេអូនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមថៃ និងត្រូវបានគេចែករំលែកបន្តជាច្រើនដងផងដែរ។

ប្រភពខាងលើបានបន្តថា ក្រោយបង្ហោះបាន ២ថ្ងៃ ប៉ូលិសជំនាញថៃក៏បានប្រទះឃើញវីដេអូនោះដែរ ហើយអាជ្ញាធរថៃក៏សម្រេចឃាត់ខ្លួនស្រ្តីរូបនេះភ្លាមៗតែម្តង ដ្បិតសកម្មភាពរបស់គាត់គឺជាទង្វើបំពានទៅនឹងច្បាប់ជាធរមាននៅក្នុងប្រទេសថៃ។ តាមប៉ូលិសជំនាញថៃបានបញ្ជាក់ថា អ្នកនាង Phonchanok Srisunaklua ត្រូវប្រឈមនឹងការចោទប្រកាន់ចំនួន ២ករណី ដោយករណី ១ គឺរូបគាត់បានកាន់កាប់សត្វព្រៃដែលសត្វត្រូវបានការពារដោយច្បាប់ ខណៈករណីទី ២គឺជាករណីរំលោភច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដ្បិតរូបគាត់បានផ្សព្វផ្សាយជាសាធារណៈនូវវីដេអូបង្ហាញពីសកម្មភាពខុសច្បាប់។ យោងទៅតាមច្បាប់ ស្រ្តីរូបនេះត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៥ឆ្នាំ ឬពិនិយជាប្រាក់ចំនួន ៥០០ ០០០បាត (ប្រហែល ១៣ ៨០០ដុល្លារអាមេរិក)។ បន្ថែមពីនេះទៀត ក្រុមអ្នកជំនាញផ្នែកសុខាភិបាលថៃក៏បានព្រមានពីការរាតត្បាតនៃជំងឺឆ្លងផងដែរ ដ្បិតនាពេលកន្លងមកសត្វប្រចៀវត្រូវបានគេរកឃើញថា អាចជាភ្នាក់ងារចម្លងមេរោគគ្រោះថ្នាក់ជាច្រើនរួមមានទាំងមេរោគនៃជំងឺសារ និងមេរោគនៃជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
- Share This Post:






