លោក ចូ បៃដិន និងលោក ស៊ី ជីនពីន នឹងត្រូវជួបមុខគ្នាដោយផ្ទាល់ សម្រាប់កិច្ចប្រជុំកំពូល G20 នៅសប្តាហ៍ក្រោយនេះ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីន មិនដែលបានជួបមុខគ្នាទេ ចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងក្នុងសេតវិមាន ខណៈដែលមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចយក្សទាំងពីររបស់ពិភពលោក តែងតែប្រកាន់ជំហរផ្សេងគ្នា លើសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក តៃវ៉ាន់ និងរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ យ៉ាងណាក៏ដោយ វានឹងមានការផ្លាស់ប្ដូរឡើងវិញ ដោយមេដឹកនាំទាំង ២ នឹងត្រូវជួបមុខគ្នាសម្រាប់កិច្ចប្រជុំកំពូល G20 នៅសប្តាហ៍ក្រោយនេះ នៅលើកោះបាលីរបស់ឥណ្ឌូនេស៊ី ហើយពួកគេក៏នឹងឆ្លៀតពេលទៅអង្គុយជុំគ្នានៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយផងដែរ។

លោក បៃដិន គ្រោងបង្ហាញពីទស្សនៈរបស់លោកលើការប្រយុទ្ធគ្នានៅអ៊ុយក្រែន។ លោកបានឃើញមន្ត្រីចិនបដិសេធមិននិយាយរិះគន់មេដឹកនាំរុស្ស៊ី ហើយបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។ យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវធ្វើការរួមគ្នាជាមួយប្រទេសរបស់លោក ដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ លើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជៀសវាងការវិនិច្ឆ័យ និងការយល់ច្រឡំ។ លោក Zhao បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែធ្វើសកម្មភាពដើម្បីនាំយកទំនាក់ទំនងមកវិញ នូវអ្វីដែលលោកហៅថា «ផ្លូវត្រូវនៃការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងត្រឹមត្រូវ»៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera