ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីអាយុជាង ៧០ឆ្នាំបានម្នាក់ជិះកង់រាប់ពាន់គីឡូឆ្លងកាត់ប្រទេសជាង ១០ដើម្បីផ្សព្វផ្សាយសារដ៏មានសារៈសំខាន់មួយនេះសម្រាប់ពិភពលោក

    BY Khmernote Media November 14, 2022
    ស្រ្តីអាយុជាង ៧០ឆ្នាំបានម្នាក់ជិះកង់រាប់ពាន់គីឡូឆ្លងកាត់ប្រទេសជាង ១០ដើម្បីផ្សព្វផ្សាយសារដ៏មានសារៈសំខាន់មួយនេះសម្រាប់ពិភពលោក

    ខណៈដែល​មនុស្សវ័យចំណាស់ជាច្រើនត្រូវប្រឈមនឹងបញ្ហាសុខភាព ឬត្រូវសម្រាកនៅផ្ទះមិនអាចចេញទៅណារួចនោះ មានស្រ្តីអាយុជាង ៧០ឆ្នាំម្នាក់បានធ្វើរឿងមិនគួរឲ្យជឿមួយគឺរូបគាត់បានជិះកង់កាត់ប្រទេសជាច្រើនដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីផ្សព្វផ្សាយសារដ៏មានសារៈសំខាន់មួយសម្រាប់ពិភពលោកទាំងមូល។ បើយោងងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកានេះបានបញ្ជក់ថា ស្រ្តីចំណាស់រូបនេះមានឈ្មោះថា Dorothee Hildebrandt បច្ចុប្បន្នមានអាយុ ៧២ឆ្នាំ រស់នៅក្នុងទីក្រុង Katrineholm ភាគខាងត្បូងនៃប្រទេសស៊ុយអែត ខណៈរូបគាត់ត្រូវគេដាក់ឈ្មោះក្រៅឲ្យថា​ Miss Piggy។

    ប្រភពខាងលើបានបន្តថា ថ្មីៗនេះលោកស្រី Dorothee Hildebrandt បានធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីបហើយ ដើម្បីចូលរួមក្នុងកម្មវិធីសន្និសិទ្ធមួយស្តីពីការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។ តាមគម្រោងគឺលោកស្រ្តី Dorothee Hildebrandt នឹងធ្វើដំណើរដោយកង់របស់គាត់ឆ្លងកាត់ពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបនិងបន្តចូលទៅកាន់ដែនដីនៅតំបន់មជ្ឈិមបូព៌ាដោយប្រើរយៈពេល ៤ខែ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនាំគ្នាទប់ស្កាត់ការ​ប្រែប្រួលអាកាសធាតុ។ គិតចាប់តាំងពីពេលចេញដំណើរនៅថ្ងៃទី១ ខែកក្កដារហូតមកដល់ពេលនេះ លោកស្រី Dorothee Hildebrandt បានធ្វើដំណើរឆ្លងកាត់ប្រទេសចំ​នួន ១៧ហើយ ដែលមានចម្ងាយផ្លូវសរុបប្រវែង ៨ ២២៨ គីឡូម៉ែត្រ ខណៈជាមធ្យមគាត់អាចជិះកង់បានចម្ងាយ ៨០គីឡូម៉ែត្រក្នុងមួយថ្ងៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Moring Post

    Share This Post: