ស្ដែងៗ! រថយន្ត Tesla មួយគ្រឿងសង្ស័យមានបញ្ហាប្រព័ន្ធបើកបរ ធ្វើឲ្យរថយន្តស្ទុះកើនល្បឿនយ៉ាងលឿនបុករះយ៉ាងពេញទំហឹង ឆក់យកជីវិតមនុស្ស ២នាក់ និងរងរបួស ៣នាក់ (មានវីដេអូ)
ថ្មីៗនេះមានករណីរថយន្ត Tesla Model Y មួយគ្រឿង បានបើកបុករះយ៉ាងពេញទំហឹងនៅខេត្ត Guangdong របស់ប្រទេសចិន ដែលបានសម្លាប់មនុស្សចំនួន ២នាក់ និងធ្វើឱ្យរងរបួស ៣នាក់ ដោយសាររថយន្តនោះមានបញ្ហាប្រព័ន្ធបើកបរ នេះបើយោងតាមការចុះផ្សាយរបស់ Electrek។ ប៉ុន្តែមានពាក្យចចាមអារ៉ាមជាច្រើន បានកំពុងនិងសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលភាគច្រើនមិនពិត ឬមិនអាចទៅរួច។ គ្រោះថ្នាក់នេះបានកើតឡើង កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ហើយវីដេអូត្រូវបានគេផ្សព្វផ្សាយពាសពេញបណ្តាញសង្គមចិន។ ឥឡូវនេះក្រុមហ៊ុន Tesla និងអាជ្ញាធរចិនក៏កំពុងចាប់ដៃគ្នា ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាលើករណីនេះ។

បើតាមវីដេអូបានបង្ហាញថា ដំបូងឡើយរថយន្តមួយនោះបានប៉ុនប៉ងអែបកៀនចត ប៉ុន្តែស្រាប់តែបើកឡើងលើគន្លងផ្លូវវិញនៅក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយក៏បានបុករថយន្ត និងម៉ូតូ មុននឹងជ្រុលទៅបុកមុខហាងមួយកន្លែងប្រហែល ៣០ វិនាទី ក្រោយមក នៅក្នុងរយៈចម្ងាយសរុបប្រមាណ ២.៦ គីឡូម៉ែត្រ។ អ្នកបើកបររថយន្តគឺជាបុរសនៅក្នុងវ័យ ៥០ឆ្នាំម្នាក់ ហើយសមាជិកគ្រួសាររបស់គាត់ក៏បាននិយាយថា គាត់ធ្លាប់មានបញ្ហាប្រព័ន្ធបើកបរពីមុនមកផងដែរ ប៉ុន្តែសំណាងល្អគាត់បានរួចជីវិត និងរងរបួសតិចតួចប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់អាចអះអាងបានថា វាពិតជាមានបញ្ហាប្រព័ន្ធបើកបរ ឬអត់នោះទេ។ នៅក្នុងវីដេអូគេមិនបានឃើញភ្លើងសញ្ញាដែលអាចបញ្ជាក់ថា បុរសនោះបានធ្វើការចាប់ហ្រ្វាំងនោះទេ ហើយវាហាក់ដូចជាគាត់ជ្រុលជើងទៅជាន់ហ្គែរបន្ថែមល្បឿនទៅវិញ៕
អត្ថបទ៖ លីដា
ប្រភព៖ Electrek