អន្តរជាតិ

Google នឹងត្រូវបង់ប្រាក់ជិត ៤០០លានដុល្លារក្រោមបទចោទប្រកាន់ថា ក្រុមហ៊ុនបានលួចតាមដានទីតាំងរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត

BY
Pheakdey
November 15, 2022

អាមេរិក៖ យោងតា​មការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបានឲ្យដឹងថា ក្រុមហ៊ុន Google នឹងត្រូវបង់ប្រាក់រហូតដល់ ៣៩១,៥ លានដុល្លារដើម្បីដោះស្រាយការចោទប្រកាន់មួយដែលគេបានរកឃើញថា ក្រុមហ៊ុនបានលួចតាមដានទីតាំងរបស់ក្រុមអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ការសម្រេចចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយការិល័យមេធាវីនៃរដ្ឋ​ Michigan សហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញនេះ ក្រោយមានការស៊ើបអង្កេតដ៏ល្អិតល្អន់មួយ។

ប្រភពខាងលើបានបន្តថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយក្រុមប៉ូលិសជំនាញផ្នែកព័ត៌មានវិទ្យានៅរដ្ឋ Oregon និងរដ្ឋ Nebraska ខណៈនៅក្នុងការស៊ើបអង្កេតនោះគេបានរកឃើញថា ក្រុមហ៊ុន Google បានលួចតាមដានទីតាំងរបស់ក្រុមអ្នកប្រើប្រាស់នៅជាច្រើននាក់នៅក្នុងរដ្ឋចំនួន ៤០ នៅសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតពីសាមីខ្លួន ហើយឥរិយាបថនេះត្រូវបានគេចាត់ទុកថា ជាការរំលោភបំពានទាំងស្រុងទៅលើសិទ្ធរបស់អ្នកប្រើប្រាស់។ គួរបញ្ជាក់ជូនថា ក្រៅតែពីត្រូវដោះស្រាយចំពោះការចោទប្រកាន់ខាងលើនេះហើយ ក្រុមហ៊ុន Google ក៏ត្រូវបន្តដោះស្រាយពាក្យបណ្តឹងរបស់រដ្ឋសំខាន់ៗមួយចំនួនទៀតចំពោះករណីដូចគ្នាផងដែរ ដោយក្នុងនោះគេបានកត់សម្គាល់ថា រដ្ឋ Arizona តែម្នាក់ឯងបានទាមទារសំណងជាប្រាក់ចំនួន ៨៥លានដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: