WHO៖ យុវជនជាង ១ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងប្រឈមនឹងបញ្ហាបាត់បង់សមត្ថភាពនៃការស្តាប់បង្កឡើងដោយទម្លាប់ស្តាប់តន្ត្រីតាមកាសនិងឧស្សាហ៍ទៅកន្លែងមានសំឡេងតន្ត្រីខ្លាំងៗ
- BY
- Pheakdey
- November 16, 2022
បារាំង៖ ការសិក្សាមួយបានរកឃើញថា យុវជនជាង ១ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងព្រឈមនឹងបញ្ហាបាត់បង់សមត្ថភាពនៃការស្តាប់ ឬអាចនិយាយបានថាជាបញ្ហាថ្លង់ ឬស្តាប់លែងសូវឮច្បាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strat Times នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆកានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកសោតសាស្រ្តរបស់អង្គការសុខភាពពិភពលោក (WHO) ខណៈលទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយជាបន្ទាន់នៅក្នុងរបាយការណ៍សុខភាពនៅក្នុងប្រទេសធំៗជាច្រើនមានដូចជា បារាំង អង់គ្លេស អេស្ប៉ាញ និងរុស្ស៊ីជាដើម។

ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សាខាងលើនេះគឺមានការចូលរួមពីសំណាក់ក្រុមយុវជនអាយុចន្លោះពី ១២ឆ្នាំរហូតដល់ ៣៤ឆ្នាំចំនួន ១៩ ០០០នាក់ ដែលពួកគេគឺក្រុមមនុស្សមានទម្លាប់ស្តាប់តន្ត្រីតាមរយៈកាសនិងឧស្សាហ៍ទៅកន្លែងកំសាន្តដែលមានសំឡេងតន្ត្រីខ្លាំងៗ ដូចជាក្លឹបរាត្រី បា ឬចូលរួមពិធីជប់លៀងធំៗជាញឹកញាប់។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្រុមយុវជនចំនួន ២៤%កំពុងប្រឈមនឹងបញ្ហាបាត់បង់សមត្ថភាពនៃការស្តាប់ដែលបង្កឡើងតាមរយៈនៃសកម្មភាពនៃការស្តាប់តន្ត្រីឮៗតាមរយៈកាស ខណៈ ៤៨%កំពុងប្រឈមនឹងបញ្ហាស្តាប់លែងសូវឮបង្កឡើងដោយការទៅកាន់ទីកន្លែងដែលមានសំឡេងតន្ត្រីខ្លាំងៗ។ ផ្អែកលើលទ្ធផលនៃការសិក្សាខាងលើហើយប្រៀបធៀបទៅនឹងចំនួនយុវជនសុរបនៅលើពិភពលោកគឺគេអាចទាញការសន្និដ្ឋានបានថា នឹងមានយុវជនប្រមាណជា ១,៣ពាន់លាននាក់នៅជុំវិញពិភពដែលត្រូវប្រឈមនឹងបញ្ហាចុះខ្សោយសមត្ថភាពនៃការស្តាប់នៅក្នុងរយៈពេលវែង ឬនៅពេលដែលពួកគេមានអាយុច្រើន ប្រសិនបើពួកគេនៅបន្តរក្សាទម្លាប់ស្ដាប់តន្ត្រីឮៗជាប្រចាំទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strat Times
- Share This Post:






