កូរ៉េខាងជើងប្រកាសថានឹងឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុនក្នុងកម្រិតដ៏កាចសាហាវមួយ
- BY
- Pheakdey
- November 17, 2022
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានប្រកាសថា ការឆ្លើយតបរបស់យោធាខ្លួនទៅនឹងសកម្មភាពនៃការធ្វើសមយុទ្ធយោធារួមគ្នារបស់អាមេរិកនឹងមានលក្ខណៈកាន់តែកាចសាហាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែល សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុនបានរៀបចំកិច្ចប្រជុំជាលក្ខណៈត្រីភាគីមួយ ខណៈប្រទេសទាំង ៣នេះក៏គ្រោងនឹងរៀបចំធ្វើសមយុទ្ធយោធារួមគ្នាផងដែរ។

បើតាមក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់ក្រុមប្រទេសទាំង ៣នេះនឹងធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែមានភាពតានតឹងខ្លាំងផងដែរ ខណៈពេលនេះកូរ៉េខាងត្បូងនិងកូរ៉េខាងជើងកំពុងប្រឈមមុខជាមួយគ្នាក្នុងកម្រិតដ៏អាក្រក់មួយរួចទៅហើយ។ គួររម្លឹកជូនថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងច្រើនគ្រាប់ជាបន្តបន្ទាប់គ្នា ពោលគឺជាការបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ខណៈក្រុមអ្នកជំនាញផ្នែកនយោបាយបានមើលឃើញថា ការសម្រេចបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានទីក្រុងព្យុងយ៉ាងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិភាគមួយរបស់អ្នកជំនាញនៅលើពិភពលោកដែលបានអះអាងថា វិស័យយោធាជើងអាកាសរបស់កូរ៉េខាងជើងមានលក្ខណៈអន់ថយនិងទន់ខ្សោយខ្លាំងណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






