អន្តរជាតិ

អាជ្ញាធរក្រុងតូក្យូណែនាំឲ្យពលរដ្ឋនាំគ្នាពាក់ “អាវសាច់ចាក់កក្អម” ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីក្នុងរដូវរងាខាងមុខនេះ

BY
Pheakdey
November 19, 2022

ជប៉ុន៖ រដូវរងានៅក្នុងប្រទេសជប៉ុននឹងត្រូវចូលមកដល់នៅពាក់កណ្តាលខែធ្នូខាងមុខនេះហើយ ខណៈវានឹងត្រូវបញ្ចប់ទៅវិញនៅអំឡុងពាក់កណ្តាលខែមីនា។ ជាធម្មតានៅក្នុងអំឡុងពេលនៃរដូវរងានេះពលរដ្ឋជប៉ុនបានប្រើប្រាស់ម៉ាស៊ីនកម្តៅនិងឧបករណ៍អេឡិចត្រូនិចផ្សេងៗសម្រាប់រក្សាសីតុណ្ហភាពនៅក្នុងផ្ទះច្រើនខ្លាំងណាស់ ដែលសកម្មភាពនេះបានធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីត្រូវកើតឡើងយ៉ាងខ្លាំងផងដែរ បើធៀបទៅនឹងរយៈពេលដែលរដូវរងាមិនទាន់ចូលមកដល់។

យ៉ាងណាក្តី រដូវរងានៅក្នុងឆ្នាំនេះមិនដូចរដូវរងាកាលពីឆ្នាំមុនៗឡើយ ដ្បិតវាបានកើតឡើងក្នុងអំឡុងពេលដែលពិភពលោកកំពុងមានវិបត្តិខ្វះខាតថាមពលអគ្គិសនីបង្កឡើងដោយភ្លើងសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងមួយនេះ អាជ្ញាធរក្រុងតូក្យូបានណែនាំឲ្យពលរដ្ឋចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីឲ្យបានគ្រប់ៗគ្នានៅក្នុងរដូវរងានៅក្នុងឆ្នាំនេះតាមរយៈការនាំគ្នាពាក់អាវរងា ដែលជាប្រភេទអាវសាច់ចាក់កក្អម (Turtleneck) បើទោះជាពួកគេនៅក្នុងផ្ទះក៏ដោយ។ សូមបញ្ជាក់ថា អាវសាច់ចាក់កក្អមជាប្រភេទអាវដែលអាចជួយរក្សាកម្តៅក្នុងរាងកាយបានយ៉ាងល្អ ហើយគេជឿថាប្រសិនបើពលរដ្ឋនៅក្នុងទីក្រុងតូក្យូនាំគ្នាពាក់អាវប្រភេទនេះគ្រប់ៗគ្នានោះគឺជានឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានមួយផ្នែកធំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: