PR

ធនាគារ ហ្វីលីព ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការអាជីវកម្ម ជាមួយអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង

BY
srey nuch
November 22, 2022

ខេត្តបាត់ដំបង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៖ ធនាគារ ហ្វីលីព បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការអាជីវកម្ម ជាមួយអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង លើសេវាកម្មទូទាត់វិក្កយបត្រទឹកតាមប្រព័ន្ធឌីជីថលរបស់ធនាគារ ហ្វីលីព។

តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងមានដាក់ KHQR របស់ធនាគារ ហ្វីលីព ដែលជា QR កូដដែលអាចទទួលការទូទាត់ពីគ្រប់បណ្តាកម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា នឹងមាននៅលើវិក្កយបត្រថ្លៃទឹកប្រចាំខែ ដែលអង្គភាពរដ្ឋាករទឹកបាត់ដំបងចេញជូនអតិថិជននាពេលខាងមុខផងដែរ។ ការផ្តល់ជូននេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅក្នុងខេត្តបាត់ដំបង ក្នុងការទូទាត់ការចំណាយលើថ្លៃទឹក ពោលគឺមានភាពរហ័ស និងងាយស្រួលជាងមុន។

ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា “ធនាគារ ហ្វីលីព មានគោលបំណងក្លាយជាអ្នកផ្តល់សេវាធនាគារឌីជីថលឈានមុខគេ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជករ ព្រមទាំងអតិថិជនដែលមានតម្រូវការសេវាកម្មធនាគារ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។”
លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង បានលើកឡើងថា “សេវាកម្មទូទាត់តាមរយៈប្រព័ន្ធឌីជីថលថ្មីមួយនេះ នឹងផ្ដល់ភាពងាយស្រួលមួយកម្រិតទៀតក្នុងការទូទាត់ប្រាក់ ក៏ដូចជាធានាបាននូវសុវត្ថិភាពជូនអតិថិជននៃអង្គភាពរដ្ឋាករទឹកបាត់ដំបងទាំងអស់ ក្នុងការទទួលបានបទពិសោធន៍កាន់តែរីករាយ និងរលូន។”

សម្រាប់អតិថិជនទាំងអស់ដែលមានចម្ងល់ទាក់ទងនឹងសេវាទូទាត់តាមរយៈ ធនាគារចល័ត Phillip Mobile នៃធនាគារ ហ្វីលីព ពួកគាត់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរស័ព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)។

អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។

អំពីអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង
ផ្អែកតាមភូមិសាស្ត្ររបស់ក្រុងបាត់ដំបង ទីតាំងរបស់រោងចក្រផលិតទឹកស្អាតចាស់គឺស្ថិតនៅកណ្តាលក្រុងបាត់ដំបង ហើយរោងចក្រផលិតទឹកស្អាតថ្មីគឺនៅភាគខាងជើង នៃស្ថានីយ៍បូមទឹកឆៅ ដែលស្ថិតនៅភាគខាងត្បូងនៃក្រុងបាត់ដំបង។ ចំពោះរោងចក្រផលិតទឹកស្អាត និងស្ថានីយ៍បូមទឹកឆៅគឺសុទ្ធតែនៅខាងលិចនៃដងស្ទឹងសង្កែ រីឯការអភិវឌ្ឍន៍ គឺស្ថិតនៅភាគខាងលិច និងខាងត្បូងនៃក្រុងបាត់ដំបង ដែលតម្រូវអោយអង្គភាពរដ្ឋាករទឹកបាត់ដំបង ធ្វើការពង្រីកបន្ថែមនូវបណ្តាញមេនាំទឹកស្អាត ដើម្បីធានាដល់ការពង្រីកផ្ទៃសេវាទឹកស្អាតថ្មីថែមទៀត។ មួយវិញទៀត បណ្តាញមេនាំទឹកស្អាតនេះ គឺបានសិក្សាភ្ជាប់ជាមួយរោងចក្រទាំងពីរ សម្រាប់ទៅថ្ងៃអនាគត ដើម្បីពង្រឹងនូវការគ្រប់គ្រងការងារផ្គត់ផ្គង់ទឹកស្អាតទាំងមូលឲ្យបានប្រសើរឡើង។

Share This Post: