WHO៖ ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់នឹងត្រូវប្រឈមហានិភ័យសុខភាពធ្ងន់ធ្ងរក្នុងរដូវរងាខាងមុខនេះ ដ្បិតអ៊ុយក្រែនកំពុងខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់
- BY
- Pheakdey
- November 22, 2022
អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកានេះបានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់នឹងត្រូវប្រឈមគ្រោះថ្នាក់ ឬកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរនៅក្នុងរដូវរងាខាងមុខនេះ ដ្បិតអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់យ៉ាងខ្លាំង។ គួរកត់សម្គាល់ថា តាមធម្មតានៅក្នុងរដូវរងាគឺពលរដ្ឋអ៊ុយក្រែនទាំងអស់តែងសង្ងំនៅក្នុងផ្ទះ បើកម៉ាស៊ីនកម្តៅនិងម៉ាស៊ីនទឹកក្តៅជាប្រចាំដើម្បីរក្សាសុខភាពរបស់ពួកគេ ដែលសកម្មភាពទាំងតម្រូវឲ្យមានការប្រើប្រាស់ថាមពលអគ្គិសនី ឬហ្គាសច្រើនខ្លាំងណាស់។

យ៉ាងណាក្តី រដូវរងាឆ្នាំនៅក្នុងឆ្នាំនេះបានចូលមកដល់ស្របពេលដែលអ៊ុយក្រែនកំពុងខ្វះខាតថាមពលអគ្គិសនី និងហ្គាសយ៉ាងខ្លាំង ក្រោយអ៊ុយក្រែនបានទទួលរងនូវការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីជាបន្តបន្ទាន់ ខណៈប្រព័ន្ធសុខាភិបាលរបស់អ៊ុយក្រែនក៏ត្រូវរងនូវការបំផ្លាញយ៉ាងខ្លាំងផងដែរ។ បើតាមលោក Hans Kluge ដែលជានាយកអង្គការសុខភាពពិភពលោកបានព្យាការណ៍ នឹងមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៣លានដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះដើម្បីទៅរកកន្លែងមានសីតុណ្ហភាពក្តៅល្មម ខណៈពួកគេអាចប្រឈមនឹងការកើតមានបញ្ហាសុខភាពខ្ពស់ខ្លាំងណាស់ដូចជា ឆ្លងជំងឺកូវីដ-១៩ ជំងឺរលាកសួត គ្រុនផ្តាសាយ ជំងឺខាន់ស្លាក់ និងកញ្ជ្រឹលជាដើមសម្រាប់អ្នកមិនទាន់ទទួលបានវ៉ាក់សាំង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






