ក្រុង Perth ប្រទេសអូស្រ្តាលី សម្រេចធ្វើការពិន័យអ្នកជក់បារីនៅតាមទីសាធារណៈម្នាក់ ២០០ដុល្លារ
អូស្រ្តាលី៖ ការជក់បារី ទាំងបារីធម្មតា និងបារីអេឡិចត្រូនិចបានក្លាយជានិន្នាការថ្មីមួយសម្រាប់ក្រុមយុវជននៅក្នុងប្រទេសអូស្រ្តាលីនាពេលបច្ចុប្បន្ននេះ ហើយនៅក្នុងចំណោមក្រុមយុវជនទាំងនោះគេបានកត់សម្គាល់ថា មានយុវជនមួយចំនួននៅមិនទាន់គ្រប់អាយុជាមនុស្សពេញវ័យនៅឡើយទេ។ សកម្មភាពនៃការជក់បារីត្រូវបានគេប្រទះឃើញកើតមានយ៉ាងផុសផុលនៅតាមទីកន្លែងសាធារណៈជាច្រើន ខណៈឥរិយាបថនេះបានផ្តល់ការរំខាន់យ៉ាងខ្លាំងចំពោះពលរដ្ឋផ្សេងទៀត ដែលមិនមែនជាអ្នកជាក់បារី។

ដើម្បីឆ្លើយតបនឹងបញ្ហាសង្គមខាងលើនេះ អាជ្ញាធរប្រចាំទីក្រុង Perth នៃប្រទេសអូស្រ្តាលីបានសម្រេចដាក់ចេញវិធានការយ៉ាងតឹងរឹងមួយចំពោះការជក់បារី គឺអាជ្ញាធរសម្រេចហាមឃាត់មិនឲ្យមានសកម្មភាពជក់បារីគ្រប់ប្រភេទទាំងស្រុងតែម្តងនៅតាមទីសាធារណៈ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅថ្ងៃអង្គារ ទី២២ នេះបានបញ្ជាក់ថា សម្រាប់ពលរដ្ឋណាដែលបានប្រព្រឹត្តិល្មើសទៅនឹងវិធានការខាងលើនេះ ពោលគឺបន្តសកម្មភាពជក់បារីនៅតាមទីសាធារណៈនឹងត្រូវរងនូវការផាកពិន័យជាប្រាក់ចំនួន ២០០ដុល្លារជាកំហិត។
បើតាមអាជ្ញាធរក្រុង Perth បានបញ្ជាក់ថា ការដាក់ចេញនូវវិធានការខាងលើនេះគឺដើម្បីលើកកម្ពស់សុខភាពយុវជនវ័យក្មេងនិងរក្សាសណ្តាប់ធ្នាប់សាធារណៈ ខណៈអាជ្ញាធរក៏បានរៀបចំទីកន្លែងសម្រាប់ជក់បារីចំនួន ៥ទីតាំងជូនប្រជាពលរដ្ឋដែលមានទម្លាប់ជក់បារីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail