អន្តរជាតិ

លោកមហាសេដ្ឋី Jeff Bezos បរិច្ចាគប្រាក់ ១២៣លានដុល្លារដើម្បីជួយពលរដ្ឋគ្មានទីលំនៅពិតប្រាកដនៅអាមេរិក

BY
Pheakdey
November 23, 2022

អាមេរិក៖ លោក Jeff Bezos បានបរិច្ចាគប្រាក់ចំនួន ១២៣លានដុល្លារដើម្បីជួយពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ។ តាមគម្រោងគឺគេនឹងប្រើប្រាស់ប្រាក់ទាំងអស់នេះដើម្បីជួយឲ្យពលរដ្ឋមួយចំនួនមានលំនៅដ្ឋានពិតប្រាកដនិងអចិន្ត្រៃយ៍ ដើម្បីធានាបាននូវសិទ្ធរស់រានមានជីវិតរបស់ពួកគេ។

ប្រភពខាងលើបាបន្តថា ពលរដ្ឋដែលអាចទទួលប្រាក់ឧ​បត្ថម្ភនេះមានចំនួន ៤០ក្រុម មកពីរដ្ឋចំនួន ២៦ផ្សេងគ្នា ដោយក្រុមនីមួយៗអាចទទួលបានប្រាក់ក្នុងទំហំផ្សេងៗគ្នា ពោលគឺចាប់ពី ៦០០ ០០០ ដុល្លារ រហូតដល់ ៥លានដុល្លារនៅក្នុងមួយក្រុម។ គួរកត់សម្គាល់ថា  ការបរិច្ចាគប្រាក់ខាងនេះគឺជាផ្នែកមួយនៃគម្រោងជួយសង្គ្រោះពលរដ្ឋដែលគ្មានទីលំនៅច្បាស់លាស់របស់មូលនិធិ Day One Fund ដែលតាមគម្រោងគឺមូលនិធិមួយនេះត្រូវការចំណាយប្រាក់រហូតដល់ ២ពាន់លានដុល្លារឯណោះ។ សូមបញ្ជាក់ជូនផងដែរថា លោក  Jeff Bezos អាយុ ៥៨ឆ្នាំ គឺជាម្ចាស់ក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណជា ១១៥,៦ ពាន់លានដុល្លារ ហើយនាពេលបច្ចុប្បន្ននេះរូបលោកគឺជាមហាសេដ្ឋីលំដាប់ទី ៤នៅលើពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: