អន្តរជាតិ

អាជ្ញាធរអាកាសចរណ៍អាមេរិកតម្រូវឲ្យអ្នកបើកបរយន្តទាំងអស់ត្រូវចេះគ្រប់គ្រងយន្តហោះដោយគ្មានជំនួយពីកុំព្យូទ័រដើម្បីធានាសុវត្ថិភាពក្នុងពេលមានអាសន្ន

BY
Pheakdey
November 23, 2022

អាមេរិក៖ និយត្តករអាមេរិកបានជូនដំណឹងថា គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រូវបណ្តុះបណ្តាលក្រុមអ្នកបើកបរយន្តហោះបន្ថែមទៀតដើម្បីឲ្យពួកគេអាចធ្វើការបើកបរយ​ន្តហោះបានដោយមិនចាំបាច់ប្រើប្រាស់ជំនួយពីម៉ាស៊ីនកំុំព្យូទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ។ គួរបញ្ជាក់ជូនថា នៅក្នុងការបើកបរយន្តហោះនាពេលបច្ចុប្បន្ននេះគឺក្រុមអ្នកបើកបរទាំងអស់អាចទទួលបានជំនួយបន្ថែមពីប្រព័ន្ធកុំព្យូទ័រ ខណៈជំនួយបច្ចេកទេសមួយនេះអាចនឹងអាក់ខាន ឬមិនដំណើរការនៅក្នុងស្ថានគ្រោះថ្នាក់ ឬភាពចៃដន្យណាមួយ។

បើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានបញ្ជាក់ថា ការបន្ថែមជំនាញពិសេសនេះទៅកាន់ក្រុមអ្នកបើកបរយន្តហោះគឺដើម្បីការពារគ្រោះថ្នាក់នៅក្នុងពេលដែលយន្តហោះជួបប្រទះនឹងគ្រោះអាសន្ន ឬមានការភ័ន្តច្រឡំណាមួយដែលបានកើតឡើងនៅក្នុងពេលបើកបរ​ ពោលគឺជាស្ថានភាពនៃការគ្រប់គ្រងយន្តហោះដោយដៃរបស់ក្រុមអ្នកបើកបរដោយផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ចេញនូវវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងដោយផ្អែកលើគ្រោះថ្នាក់យន្តហោះមួយកើតឡើងកាលពីឆ្នាំ ២០១៣កន្លងទៅ ដែលបានបណ្តាលឲ្យមានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត ហើយក្រោយការស៊ើបអង្កេតជុំវិញនេះគេបានរកឃើញថា ប្រសិនបើអ្នកបើកបរយន្តហោះអាចគ្រប់គ្រងយន្តហោះបានដោយគ្មានជំនួយពីប្រព័ន្ធកុំព្យូទ័រត្រឹមរយៈពេលដ៏ខ្លីមួយ ពោលគឺមុនពេលយន្តហោះធ្លាក់តែបន្តិចប៉ុណ្ណោះគឺពួកគេប្រាកដជាអាចការពារគ្រោះថ្នាក់បានទាំងស្រុងតែម្តង៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: