អន្តរជាតិ

ក្រោយយកឈ្នះលើអាហ្សង់ទីន សមាជិកក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីទាំងអស់នឹងទទួលបានកាដូរថយន្ត Rolls Royce ម្នាក់មួយគ្រឿងពីព្រះអង្គម្ចាស់ Mohammed bin Salman

BY
Khmernote Media
November 24, 2022

អារ៉ាប៊ីសាអូឌីត៖ ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសអារ៉ាប៊ីសាអូឌីតទៅលើក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសអាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ២០២២ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាក៏បានក្លាយជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ប្រទេសអាស៊ីមួយនេះផងដែរ។ ក្រោយទទួលបានជ័យជំនះក្នុងការប្រកួតកីឡាជាប្រវត្តិសាស្រ្តនេះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្រេចរៀបចំឲ្យមានថ្ងៃឈប់ថ្នាក់ជាតិមួយ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអារ៉ាប៊ីសាអូឌីតរាប់លាននាក់អាចនាំគ្នារៀបចំពិធីអបអរសាទរចំពោះភាពជោគជ័យថ្មីក្នុងវិស័យកីឡាមួយនេះ។

ព្រះអង្គម្ចាស់ Mohammed bin Salman

ជាងនេះទៅទៀតបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Indonesia Postsen បានឲ្យដឹងថា ក្រុមកីឡាករបាល់ទាត់អារ៉ាប៊ីសាអូឌីត ដែលជាតួអង្គសំខាន់ក្នុងការបង្កើតប្រវត្តិសាស្រ្តមួយនេះនឹងទទួលបានកាដូយ៉ាងគាប់ចិត្តពីសំណាក់ព្រះអង្គម្ចាស់ Mohammed bin Salman (MbS) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ដោយកីឡាករទាំងអស់នឹងទទួលបានរថយន្តប្រណិតម៉ាក Rolls Royce Phantom ម្នាក់មួយគ្រឿង។

ប្រភពខាងលើបានបញ្ជាក់ថា រថយន្ត Rolls Royce Phantom នោះគឺជារថយន្តទំនើបស៊េរីចុងក្រោយផលិតនៅក្នុងឆ្នាំ ២០២២នេះ ខណៈរថយន្តប្រភេទនេះមានតម្លៃជាង ៥,៥ លានដុល្លារឯណោះលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។ គួររម្លឹកជូន ថា ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានយកឈ្នះលើក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងលទ្ធ ២-១ នៅក្នុងវគ្គសន្សំពិន្ទុនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលបានរៀបចំឡើងនៅក្នុងប្រទេសកាតាកាលពីថ្ងៃអង្គារកន្លងទៅនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Indonesia Postsen

Share This Post: