បុរសម្នាក់ត្រូវអាជ្ញាធរអាមេរិកសម្រេចចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ ក្រោយរូបគាត់បានយកឡាមមួយផ្លែទៅដាក់ជិតបំពងកស្រ្តីម្នាក់ក្នុងអំឡុងពេលដំណើរលើយន្តហោះ
អាមេរិក៖ រដ្ឋអាជ្ញាសហព័ន្ធអាមេរិកសម្រេចចោទប្រកាន់បុរសម្នាក់ពីបទកាន់កាប់អាវុធខុសច្បាប់និងបានគំរាមគំហែងអាយុជីវិតអ្នកដទៃ ក្រោយបុរសរូបនេះបានកាន់ឡាមតូចមួយនិងបានដាក់ទៅជិតបំពងករស្រ្តីម្នាក់ ដែកកំពុងធ្វើដំណើរនៅក្នុងយន្តហោះជាមួយគ្នា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះបានឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះថា Merrill Darrell Fackrell អាយុ ៤១ឆ្នាំ រស់នៅក្នុងរដ្ឋ Utah ភាគខាងលិចសហរដ្ឋអាមេរិក ខណៈអត្តសញ្ញាណរបស់ស្រ្តីដែលត្រូវបានគេចាត់ទុកថា ជាជនរងគ្រោះនោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue ដែលបានហោះចេញពីប្រលានយន្តហោះអន្តរជាតិ Kennedy International Airport ក្នុងទីក្រុង New York ឆ្ពោះទៅកាន់ទីក្រុង Salt Lake កាលពីដើមសប្តាហ៍កន្លងទៅនេះ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់់អំពីហេតុការណ៍នេះថា បុរសជាជនសង្ស័យនិងស្រ្តីជាជនរងគ្រោះបានអង្គុយនៅកៅអីជាប់គ្នា ហើយនៅក្នុងអំឡុងពេលធ្វើដំណើរនោះស្រាប់តែបុរសជាជនសង្ស័យបានយកឡាមមួយផ្លែមានទំហំប្រមាណជា ២,៥ សង់ទីម៉ែត្រ និងមានដងឈើមួយផងមកដាក់នៅក្បែរបំពងករបស់ស្ត្រីរងគ្រោះ ហើយភ្លាមៗនោះស្រ្តីជាជនរងគ្រោះក៏បានស្រែកផ្អើលពេញយន្តហោះតែម្តង។ គួរបញ្ជាក់ជូនថា បើយោងទៅតាមច្បាប់ដែលគេធ្លាប់អនុវត្តចំពោះករណីរដៀងគ្នានេះកាលពីឆ្នាំ ២០២១ កន្លងទៅ គឺជនសង្ស័យអាចប្រឈមនឹងការជាប់គុកជាង ១០ខែ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times