សហរដ្ឋអាមេរិកដាក់ការហាមឃាត់ការលក់ឧបករណ៍ទូរគមនាគមន៍ និងឃ្លាំមើលរបស់ចិន ដោយសារហានិភ័យចំពោះសន្តិសុខជាតិ
- November 27, 2022
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានហាមឃាត់ការនាំចូល និងលក់ឧបករណ៍ទូរគមនាគមន៍ និងឧបករណ៍ឃ្លាំមើល ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយចំនួន រួមទាំងក្រុមហ៊ុន Huawei និង ZTE ផងដែរ។ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា ឧបករណ៍ដែលត្រូវបានហាមឃាត់បង្កជា «ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិ»។
ច្បាប់នេះក៏ប៉ះពាល់ដល់ទូរគមនាគមន៍ និងម៉ាស៊ីនថតវីដេអូដែលផលិតដោយ Hytera និងក្រុមហ៊ុន ២ ផ្សេងទៀតរបស់ចិនផងដែរ។ ឧបករណ៍ទាំងនោះត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងសុវត្ថិភាពសាធារណៈ សន្តិសុខនៅកន្លែងរដ្ឋាភិបាល ការឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសម្រាប់ប្រើប្រាស់ក្នុងការកំណត់សន្តិសុខជាតិ។ ជាក់ស្ដែងរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានប្រកាសកាលពីខែមុនថា ខ្លួននឹងរឹតបន្តឹងបទប្បញ្ញត្តិស្តីពីការនាំចេញផលិតផលដែលទាក់ទងនឹង semiconductor ទៅកាន់ប្រទេសចិន ដែលអាចប្រើប្រាស់សម្រាប់កម្មវិធីយោធា៕
អត្ថបទ៖ លីដា
ប្រភព៖ The Guardian
- Share This Post: