អន្តរជាតិ

លោក Zelenskyy បាននិយាយថា ពលរដ្ឋអ៊ុយក្រែនជាង ៦ លាននាក់ នៅតែរងផលប៉ះពាល់ ដោយការដាច់ចរន្តអគ្គិសនី

BY
Khmernote Media
November 27, 2022

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថា ពលរដ្ឋជាង ៦ លាននាក់នៅតែរងផលប៉ះពាល់ដោយការដាច់ភ្លើង ដែលបណ្តាលមកពីការវាយប្រហារដោយមីស៊ីលរុស្ស៊ី។ គាត់បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា៖«ភារកិច្ចសំខាន់នៃថ្ងៃនេះក៏ដូចជាថ្ងៃផ្សេងទៀត នៅក្នុងសប្តាហ៍នេះគឺអគ្គីសនី»។ គាត់បាននិយាយថា នៅពេលដែលការវាយប្រហារបានកើតឡើងកាលពីថ្ងៃពុធ អ្នកស្រុកជិត ១២ លាននាក់ ត្រូវបានផ្តាច់ចេញពីបណ្តាញអគ្គិសនី។

លោកបានបន្ថែមថា ផលប៉ះពាល់វានៅតែមានយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធានីគៀវ និងតំបន់ជុំវិញរបស់វា តំបន់ Lviv និង Vinnytsia នៅភាគខាងលិច តំបន់ Odesa នៅភាគខាងត្បូង និងតំបន់ Dnipropetrovsk នៅភាគខាងកើត។ លោក Zelenskyy បានទៅទស្សនាតំបន់ដែលរងការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រ ហើយបានត្រួតពិនិត្យអគារផ្ទះល្វែងដែលរងការខូចខាត។ គាត់ក៏បានទៅទីតាំងដែលហៅថា «Points of Invincibility» ដែលមនុស្សអាចប្រើប្រាស់អគ្គិសនី និងអ៊ីនធឺណេតដោយមិនគិតថ្លៃនៅទីនោះ។ លោកប្រធានាធិបតីបាននិយាយថា មានកន្លែងបែបនេះជាង ៤,០០០ នៅក្នុងប្រទេស ហើយបានជំរុញឱ្យថ្នាក់ដឹកនាំមូលដ្ឋានធ្វើការលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: