អន្តរជាតិ

អាមេរិកសម្រេចហាមឃាត់ផលិតផលក្រុមហ៊ុន Huawei, ZTE និងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយចំនួនទៀតក្រោមហេតុផលដើម្បី “រក្សាសន្តិសុខជាតិ”

BY
Khmernote Media
November 28, 2022

អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសរព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន បានសម្រេចធ្វើការហាមឃាត់ទៅលើផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់ចិនក្រោមហេតុផលថា ដើម្បីរក្សាសន្តិសុខជាតិ។ ផលិតផលអេឡិចត្រូនិចនិងក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិនដែលស្ថិតក្នុងបញ្ជីហាមឃាត់របស់អាមេរិកនោះមានដូចជា ផលិតផលរបស់ក្រុមហ៊ុន Huawei និង ZTE ក្រុមហ៊ុនផលិតសម្ភារៈកាមេរ៉ាសុវត្ថិភាព Dahua Technology Co, ក្រុមហ៊ុនគ្រប់គ្រងវីដេអូកាមេរ៉ាសុវត្ថិភាព Hangzhou Hikvision Digital Technology Co Ltd និងក្រុមហ៊ុមទូរគមនាគមន៍ Hytera Communications Corp Ltd. ជាដើម។

បើតាមរដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានបញ្ជាក់ថា​ ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខាងលើនេះអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះសន្តិសុខជាតិអាមេរិកយ៉ាងខ្លាំង ដ្បិតរដ្ឋាភិបាលចិនអាចបញ្ជូនចារកម្មរបស់ខ្លួនតាមរយៈក្រុមហ៊ុនទាំងអស់នេះ ដែលត្រូវធ្វើប្រតិ​បត្តិការណ៍នៅលើទឹកដីសហរដ្ឋអាមេរិក។ បើតាមលោកស្រី Jessica Rosenworcel ប្រធានគណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេអនុវត្តវិធានការខាងលើនេះគឺជាផ្នែកដ៏សំខាន់មួយដើម្បីជួយការពារប្រជាពលរដ្ឋអាមេរិកពីការគំរាមកំហែងសន្តិសុខក្នុងវិស័យទូរគមនាគមន៍ ហើយវាមិនមែនជាការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យាជាមួយប្រទេសចិននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: