មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារព្រះអង្គម្ចាស់ Muhammad V នៃម៉ាឡេស៊ី បានសម្រេចលះបង់រាជបល្ល័ង្ករបស់ទ្រង់
ម៉ាឡេស៊ី៖ បន្ទាប់ពីច្រើនសប្តាហ៍អំពីស្ថានភាពសុខភាព និងអាពាហ៍ពិពាហ៍សម្ងាត់ជាមួយនារីម៉ូដែលជនជាតិរុស្ស៊ី ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី បានសម្រេចលះបង់រាជបល្ល័ង្ករបស់ទ្រង់ជាផ្លូវការកាលពីចុងសប្តាហ៍កន្លងទៅនេះ។ យ៉ាងណាមិញព្រះរាជវាំងជាតិរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសការដាក់រាជ្យរបស់ព្រះអង្គម្ចាស់ Muhammad V កាលពីថ្ងៃអាទិត្យ ដោយពុំបាននិយាយលម្អិតអំពីមូលហេតុដែលទ្រង់សម្រេចចិត្តធ្វើដូច្នេះទេ។ នេះគឺជាលើកទីមួយហើយដែលព្រះមហាក្សត្ររបស់ម៉ាឡេស៊ីរូបនេះ បានបោះបង់ចោលបល្ល័ង្កខ្លួនចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៩៥៧។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ ព្រះអង្គម្ចាស់ Muhammad V ទ្រង់បានអរគុណដល់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល ខណៈពេលដែលទ្រង់បានសម្តែងនូវការកោតសរសើរចំពោះឱកាសដែលទ្រង់ត្រូវបានតែងតាំងដោយក្រុមប្រឹក្សារដ្ឋ។ ហើយទ្រង់គឺទើបតែវិលត្រលប់ពីការសម្រាកនៅឯមន្ទីរពេទ្យរយៈពេលពីរខែ និងមានរឿងអាស្រូវរៀបការជាសម្ងាត់ជាមួយនឹងនាង Oksana Voevodina ដែលជាជនជាតិរុស្ស៊ី មុនពេលដែលទ្រង់ប្រកាសលាលែងពីតំណែងជានេះ។ ចំណែកនាង Oksana Voevodina ដែលជានារីម៉ូដែល និងជាជ័យលាភីបវរកញ្ញាក្រុងម៉ូស្គូ វ័យ ២៤ឆ្នាំ ជនជាតិរុស្ស៊ីនេះ ត្រូវបានគេឱ្យដឹងថា បានរៀបការយ៉ាងសម្ងាត់ជាមួយទ្រង់ Muhammad V និងបានចូលខ្លួនកាន់សាសនាដូចនឹងព្រះអង្គកាលពីឆ្នាំទៅ៕




អត្ថបទ៖ លីដា
ប្រភព៖ nextshark