អន្តរជាតិ

ប្រទេសអ៉ីតាលី​បានប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ ក្រោយ​ការ​បាក់​ដី​ដ៏អាក្រក់នៅ​កោះ​ Ischia

BY
Khmernote Media
November 28, 2022

ប្រទេសអ៉ីតាលីបានប្រកាសដាក់ភាពអាសន្ននៅលើកោះ Ischia ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា បន្ទាប់ពីការរអិលបាក់ដីដ៏អាក្រក់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន នេះបើតាមអភិបាលក្រុង Naples លោក Claudio Palomba បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសេវាសង្គ្រោះបន្ទាន់បាននិយាយថា រលកភក់ និងកំទេចកំទី បានវាយលុកពេញទីក្រុងតូចមួយនៃទីប្រជុំជន Casamicciola Terme កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានលេបត្របាក់ផ្ទះមួយខ្នង និងរថយន្តជាច្រើនគ្រឿងចុះទៅសមុទ្រ។

រដ្ឋមន្ត្រីការពារជនស៊ីវិលលោក Nello Musumeci បាននិយាយថា ថវិកាជំនួយដំបូងចំនួន ២ លានអឺរ៉ូ (២ លានដុល្លារអាមេរិក) ត្រូវបានចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រោះបន្ទាន់ ដែលបានសម្រេចការប្រកាសភាពអាសន្ននេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​បាន​រាយការណ៍​មុន​នេះ​ថា សាកសព ៤​នាក់ ​ត្រូវ​បាន​រក​ឃើញ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ហើយអ្នកជួយសង្គ្រោះជាង ២០០ នាក់ នៅតែកំពុងស្វែងរកអ្នកបាត់ខ្លួន ខណៈដែលអ្នកស្ម័គ្រចិត្តរាប់រយនាក់ ក៏កំពុងមមាញឹកសម្អាតផ្លូវក្នុងទីក្រុង។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយភ្លៀង និងខ្យល់បក់ខ្លាំង ដែលបានពន្យាពេលសាឡាងដែលនាំយកឧបករណ៍សង្គ្រោះពីដីគោក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: