ក្មេងប្រុសម្នាក់ក្អួត និងសន្លប់ចូល ICU ភ្លាម ក្រោយម្តាយរបស់គាត់មិនបានប្រយ័ត្នលើការប្រើប្រាស់ថ្នាំ
ភាគច្រើននៃយើងទាំងអស់គ្នាប្រហែលជាមានឱសថនៅផ្ទះដែលយើងគិតថានឹងមានប្រយោជន៍ប្រសិនបើយើងឈឺម្តងម្កាល ប៉ុន្តែយើងគួរតែពិនិត្យមើលវាឱ្យបានត្រឹមត្រូវមុនពេលប្រើប្រាស់ ឬប្រើប្រាស់វាជាពិសេសទៅលើកុមារតូចៗ។ ដោយថ្មីៗនេះអ្នកម្ដាយមកពីកោះតៃវ៉ាន់ម្នាក់ បានប្រាប់ពីបទពិសោធន៍ដ៏គួរឱ្យខ្លាចរបស់គាត់នៅពេលកូនប្រុសតូចរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងស្ទើរតែបាត់បង់ជីវិតដោយសារតែគាត់បានប្រើថ្នាំខុស។ ឧបទ្ទវហេតុនោះបានកើតឡើងកាលពីថ្ងៃទី៣ ខែមករា វេលាម៉ោង ៣រសៀល ដោយគាត់បានទទួលការហៅទូរស័ព្ទពីគ្រូបង្រៀនមត្តេយ្យរបស់កូនប្រុសគាត់ឱ្យគាត់ប្រញាប់ប្រញាល់មកសាលាជាបន្ទាន់ ខណៈដែលកូនប្រុសរបស់គាត់កំពុងតែប្រកាច់បែកញើសយ៉ាងខ្លាំង និងក្អួតយ៉ាងច្រើនមុនពេលដែលគាត់សន្លប់។
រថយន្តសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ ហើយបាននាំក្មេងប្រុសនោះទៅមន្ទីរពេទ្យភ្លាមៗ។ ការធ្វើតេស្តឈាមដំបូងរបស់ក្មេងប្រុសបានបង្ហាញថា ចំនួនកោសិកាឈាម-ស មានកម្រិតខ្ពស់ ក្រោយមកវេជ្ជបណ្ឌិតបានសម្រេចដាក់គាត់ឱ្យនៅកន្លែងសង្គ្រោះបន្ទាន់ (ICU) ហើយសង្កេតមើលគាត់រយៈពេល ២៤ម៉ោង ក្នុងករណីដែលសុខភាពរបស់ក្មេងប្រុសនោះអាចវិលត្រឡប់មករកភាពកាន់តែអាក្រក់។ នៅព្រឹកថ្ងៃបន្ទាប់ម្តាយរបស់គាត់មានការបារម្ភយ៉ាងខ្លាំង និងរួសរាន់មកមើលគាត់ជាបន្ទាន់ តែជាសំណាងល្អក្មេងប្រុសនោះមានសុខភាពប្រសើរបន្តិចវិញ។ គ្រូពេទ្យក៏បានប្រាប់ពីមូលហេតុដែលនាំឱ្យកូនប្រុសរបស់គាត់ស្ថិតនៅក្នុងសភាពបែបនេះ គឺដោយសារគាត់ឱ្យថ្នាំសម្រាប់មនុស្សធំទៅកូនប្រុសរបស់គាត់ ដែលវាមានភាពគ្រោះថ្នាក់ខ្លាំងណាស់។ ភ្លាមនោះម្តាយរបស់ក្មេងប្រុសនោះក៏បានភ្ញាក់ និងចងចាំថា គាត់ពិតជាបានឱ្យកូនប្រុសផឹកស៊ីរ៉ូបំបាត់ក្អកទាំងកណ្តាលយប់ពិតមែន ដោយសារតែកូនគាត់ក្អកខ្លាំងពេកនាយប់នោះ។
លោកវេជ្ជបណ្ឌិតបានបន្តប្រាប់ម្តាយរបស់ក្មេងប្រុសរងគ្រោះថា ក្មេងដែលមានអាយុតិចជាង ១៨ឆ្នាំ មិនអាចប្រើប្រាស់ថ្នាំក្អកសម្រាប់មនុស្សពេញវ័យនោះទេ ព្រោះវាមានផ្ទុក codeine ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់កុមារ។ ដោយផ្អែកទៅលើ FDA សារធាតុ codeine មិនមានសុវត្ថិភាពចំពោះកុមារទេព្រោះពួកគេជាប្រភេទថ្នាំញៀន។ វេជ្ជបណ្ឌិតថែមទាំងប្រាប់គាត់ថា ប្រសិនបើកូនប្រុសរបស់អ្នកបានលេបថ្នាំក្អកសម្រាប់មនុស្សធំនេះខ្លាំងពេកនោះ គេអាចនឹងពុលស្លាប់បាន។ យ៉ាងណាមិញនេះជាការព្រមានដល់អ្នករាល់គ្នាឱ្យប្រុងប្រយ័ត្ន និងមិនគួរប្រើឱសថផ្ដេសផ្ដាសដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេនោះទេ៕



អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz