វៀតណាមអាចនឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលទី២ រវាងលោក ដូណាល់ ដ្រាំ-គីម ជុងអ៊ុន
ថ្មីៗនេះមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបគ្នាជាច្រើនដងជាមួយសមភាគីកូរ៉េខាងជើងនៅហាណូយ និងបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលលើកទី ២ រវាងប្រធានាធិបតីអាមេរិក ដូណាល់ ដ្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ក្រុមមន្រ្តីអាមេរិកបានពិភាក្សាអំពីកាលវិភាគសម្រាប់កិច្ចប្រជុំកំពូលលើកទី២ របស់ មេដឹកនាំទាំង២ ខណៈពេលដែលទំនាក់ទំនងជាមួយពួកមន្ត្រីកូរ៉េខាងជើងនៅក្នុងទីក្រុងរដ្ឋធានីរបស់វៀតណាម បានជំរុញឱ្យមានការរំពឹងទុកថាវៀតណាមអាចធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។
កាលពីថ្ងៃអាទិត្យលោក ដ្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើងកំពុងចរចាទីតាំងមួយសម្រាប់កិច្ចប្រជុំកំពូលលើកទីពីរនេះ។ លោកបានថ្លែងថា ទីតាំងសម្រាប់កិច្ចប្រជុំកំពូលនឹងត្រូវប្រកាសនៅពេលអនាគត ពួកគេចង់ជួបយើង ហើយយើងក៏ចង់ជួបជាមួយពួកគេ។ ខណៈពេលដែលភាគីទាំងពីរមានកិច្ចពិភាក្សាដ៏ល្អមួយ ហើយប្រធានាធិបតីអាមេរិករូបនេះកំពុងតែទាក់ទងជាមួយលោក គីម ដោយប្រយោលផងនោះ លោក ដ្រាំ បាននិយាយថា ទណ្ឌកម្មនឹងត្រូវបានអនុវត្តរហូតដល់មានវឌ្ឍនភាពបន្ថែមទៀត។
ចំណែកខាងលោក គីម វិញក៏បាននិយាយថា លោកមានឆន្ទៈក្នុងការជួបជាមួយលោក ដ្រាំ ជាថ្មីម្តងទៀត ដើម្បីសម្រេចបានគោលដៅរួមរបស់ពួកគេក្នុងការធ្វើអាវុធនុយក្លេអ៊ែរឧបទ្វីបកូរ៉េ ប៉ុន្តែលោកបានព្រមានថា លោកប្រហែលជាត្រូវតែយកផ្លូវផ្សេងមកជំនួស ប្រសិនបើការដាក់ទណ្ឌកម្ម និងសម្ពាធប្រឆាំងរបស់អាមេរិកនៅតែបន្ត។ លោកគីមបាននិយាយថា «ខ្ញុំតែងតែត្រៀមខ្លួនជាស្រេចដើម្បីអង្គុយពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកគ្រប់ពេលវេលា ហើយនឹងខិតខំប្រឹងប្រែងដើម្បីផលិតលទ្ធផលដែលសហគមន៍អន្តរជាតិស្វាគមន៍ចង់បាន»៕

អត្ថបទ៖ លីដា
ប្រភព៖ reuters