ចាប់ខ្លួនជនជាតិខ្មែរ ១នាក់ និងថៃ ២នាក់ ក្រោយបែកធ្លាយចែកចាយព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ពីប៉ុស្តិ៍ទូរទស្សន៍ថៃមកកម្ពុជា
- December 1, 2022
មនុស្ស ៣នាក់ (ជនជាតិខ្មែរ ១នាក់ និងជនជាតិថៃ ២នាក់) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបានចែកចាយព្រឹត្តិការណ៍ FIFA World Cup ពីប៉ុស្តិ៍ទូរទស្សន៍ថៃនៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរកម្ពុជាបាននិយាយថា បុរសខ្មែរម្នាក់ និងថៃ ២នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលផ្ទះមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា ខណៈក៏បានរឹបអូសចានផ្កាយរណបចេញពីលំនៅឋាននោះផងដែរ។ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី FIFA បានព្រមានប្រទេសថៃថា សិទ្ធិផ្សាយរបស់ថៃអាចត្រូវដកហូត ដោយសារតែការលេចធ្លាយនៃការប្រកួតបាល់ទាត់ពិភពលោកទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។
អាជ្ញាធរថៃបានស្នើដល់សមភាគីកម្ពុជាឱ្យជួយដោះស្រាយការរត់ពន្ធប៉ុស្ដិ៍ខ្សែកាបពីប្រទេសថៃ ជាពិសេសពីចំណុចនៅផ្សារព្រំដែនរោងក្លឿ ក្នុងខេត្តសាកែវ។ យោងតាមគេហទំព័រ digitalhub.fifa.com ប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ បានទិញសិទ្ធិផ្សាយការប្រកួតបាល់ទាត់ពិភពលោក រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ មានតែប្រទេសឡាវប៉ុណ្ណោះ ដែលមិនត្រូវបានបញ្ចូលក្នុងបញ្ជី។ គួរឱ្យដឹងដែរថា ប្រទេសថៃបានទិញសិទ្ធិផ្សាយ ដែលត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិក្នុងតម្លៃ ១.៤ ពាន់លានបាត៕
អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post: