អន្តរជាតិ
រថយន្តដែលអាចហោះបាននៅលើអាកាសនឹងត្រូវគេយកទៅធ្វើតេស្តសាកល្បងនៅក្នុងរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃសោរ៍ ទី៣ ខែធ្នូនេះបានឲ្យដឹដថា រថយន្តដែលអាចហោះនៅអាកាសបាននឹងត្រូវគេយកទៅតេស្តសាកល្បងនៅក្នុងរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីគឺទីក្រុង Nasuntara នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ។ រថយន្តអាចហោះបានដែលនឹងមានវត្តមាននៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ីនោះគឺរថយន្តរបស់ក្រុមហ៊ុន Hyundai ដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង។

បើតាមលោក Mohammed Ali Berawi អនុប្រធាននាយកដ្ឋានផ្លាស់ប្តូរបៃតងនិងឌីជីថលឥណ្ឌូនេស៊ីបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងរថយន្តដ៏ទំនើបចុងក្រោយនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យយានយន្តក្នុងរយៈពេល ១០ឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលបានដាក់ចេញនាពេលកន្លងមក ខណៈគម្រោងមួយនេះត្រូវការចំណាយប្រាក់ជាង ៣១ពាន់លានដុល្លារអាមេរិក។ លោក Mohammed Ali Berawi បានបន្តថាការចាប់ដៃគូជាមួយក្រុមហ៊ុន Hyundai នឹងជួយឲ្យ វិស័យយានយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ីស្ទុះទៅមុខយ៉ាងរហ័ស ហើយវាក៏ជាផ្នែកដ៏សំខាន់មួយសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia